នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមគាំទ្រដល់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីផ្ដល់ចំណេះដឹងប្រកបដោយភាពសប្បាយរីករាយមួយ ក្រោមប្រធានបទ៖ «Non-Farm Payrolls Night» ក្នុងគោលបំណងចែករំលែកបទពិសោធន៍ជាក់ស្ដែង ព័ត៌មាន និងការវិភាគលើទិន្នន័យNon-Farm Payrolls ប្រចាំខែ ដែលទិន្នន័យនេះមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើទីផ្សារហិរញ្ញវត្ថុ។
កម្មវិធីដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងនៅហាង Goldwell Cafe ក្នុងអគារ ហ្គោលដិន ថាវវើរ និងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកចូលរួមទាំងអស់ ជាពិសេសអ្នកវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទ។
ចំណុចចម្បងដំបូងដែលជំរុញឱ្យក្រុមហ៊ុនផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដ៏ល្អមួយនេះ គឺដើម្បីបង្ហាញពីសារៈសំខាន់របស់ទិន្នន័យ Non-Farm Payrolls ដែលត្រូវបានចេញផ្សាយជារៀងរាល់ខែស្ដីពីអត្រាអ្នកមានការងារធ្វើ (ក្រៅពីវិស័យកសិកម្ម) នៅសហរដ្ឋអាមេរិក ក៏ដូចជាផ្ដល់ការអប់រំបន្ថែមទៅដល់អ្នកវិនិយោគ និងអតិថិជនសក្តានុពលទាំងអស់ ពាក់ព័ន្ធនឹងការវិភាគ និងអត្ថប្រយោជន៍នៃការយល់ដឹងអំពីព័ត៌មានដែលទាក់ទងនឹងទីផ្សារឧបករណ៍និស្សន្ទ។
ជាក់ស្ដែង អ្នកចូលរួមទាំងអស់បានទទួលបទពិសោធន៍ និងមើលឃើញផ្ទាល់អំពីការប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃគូរូបិយប័ណ្ណ និងផលិតផលជួញដូរ បន្ទាប់ពីទិន្នន័យ Non-Farm Payrolls ត្រូវបានចេញផ្សាយភ្លាមៗ ហើយនេះក៏ជាឱកាសដែលអ្នកវិនិយោគអាចទទួលបានផលចំណេញច្រើនពីការជួញដូរផងដែរ។ លើសពីនេះទៅទៀត អ្នកចូលរួមមិនត្រឹមតែទទួលបានចំណេះដឹងអំពីទិន្នន័យ Non-Farm Payrolls ប៉ុណ្ណោះទេ ប៉ុន្តែក៏បានទទួលការផ្ដល់ជូនពិសេសផ្សេងទៀតពីក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែរំភើបនោះ ក្រុមហ៊ុនទាំងពីរក៏បានរៀបចំការប្រកួតប្រជែងមួយ ដែលមានឈ្មោះថា «ការប្រកួតជួញដូរ» ក្នុងគោលបំណងឱ្យអ្នកចូលរួមទាំងអស់ប្រើប្រាស់ចំណេះជំនាញដែលពួកគាត់បានរៀនលើការវិភាគផ្នែកព័ត៌មាន ក៏ដូចជាផ្នែកបច្ចេកទេសក្នុងការជួញដូរឧបករណ៍និស្សន្ទ និងផ្ដោតអារម្មណ៍ខ្ពស់ទៅលើការជួញដូរ ដែលនឹងមានប្រសិទ្ធភាពសម្រាប់ការជួញដូរជាក់ស្ដែងនៅថ្ងៃខាងមុខ។
ទន្ទឹមនឹងនេះ កម្មវិធី Non-Farm Payrolls Night ក៏ជាវេទិកាសង្គមមួយដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់បង្កើតទំនាក់ទំនងថ្មីៗ និងកាន់តែទូលំទូលាយ។ ជាមួយគ្នានេះដែរ អ្នកចូលរួមទាំងអស់បានរីករាយនឹងការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈយ៉ាងសម្បូរបែបរហូតដល់ចប់កម្មវិធី។ ជារួម កម្មវិធីនេះពិតជាបានប្រព្រឹត្ដទៅយ៉ាងជោគជ័យក្រោមបរិយាកាសសប្បាយរីករាយ។
ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខគេ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជឿជាក់ថា នេះគឺជាសកម្មភាពមួយដ៏សំខាន់ និងជាទំនួលខុសត្រូវដែលក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់ ត្រូវពង្រឹង និងបង្កើតឱ្យបានច្រើន ដើម្បីភាពល្អប្រសើរនៅក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាទាំងមូល។