គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក (CDX) បានសហការរៀបចំវេទិការដ៏ធំមួយស្តីពី “សក្តានុពលទីផ្សារឧបករណ៍និស្សន្ទក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា” នៅថ្ងៃទី 15 ខែមិថុនាឆ្នាំ 2018 នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ដែលជាអគ្គនាយគណៈកម្មការមូលបត្រកម្ពុជា។ លើសពីនេះទៅទៀត ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃគ.ម.ក ថ្នាក់ដឹកនាំនៃក្រុមហ៊ុនCDX អ្នកជំនាញពីទីផ្សារឧបករណ៍និស្សន្ទ និងហិរញ្ញវត្ថុអន្តរជាតិ អ្នកដឹកនាំធុរកិច្ចចម្រុះ និងអ្នកសារព័ត៌មានជាច្រើនរូបទៀតដែលញ៉ាំងឲ្យកម្មវិធីនេះកាន់តែមានភាពអធឹកអធម ហើយកម្មវិធីនេះក៏មានគោលបំណង ផ្តល់នូវចំណេះដឹងស្តីពីទីផ្សារឧបករណ៍និស្សន្ទ និងលើកកម្ពស់ការយល់ដឹងពីសក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងបង្ហាញពីឱកាសវិនិយោគដល់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។
លោក Stephanus Paulus Lumintang ប្រធានក្រុមហ៊ុន Jakarta Futures Exchange (JFX) ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស បានសម្តែងទឹកចិត្តសោមនស្សរីករាយ និងបានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានលើកឡើងថា “តាំងពីលើកដំបូងដែលខ្ញុំបានមកដល់ប្រទេសនេះ ខ្ញុំឃើញថាទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជាបានអភិវឌ្ឍយ៉ាងលឿន” ។
លោក Lawrence Kook ជាអភិបាលក្រុមហ៊ុនCDX បានផ្តល់នូវសុន្ទរកថាដ៏មានអត្ថន័យ រួមមាន ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនCDXក្នុងការបន្តគាំទ្របេសកកម្មរបស់គ.ម.ក ដោយផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន និងការនាំយកអ្នកចូលរួមទីផ្សារអន្តរជាតិមកប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលបង្កើតនូវយុគសម័យដ៏រុងរឿងក្នុងទីផ្សារឧបករណ៍និស្សន្ទ។ លោក Lawrence ក៏បានថ្លែងអំណរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ផងដែរ ដែលបានបង្កើតវេទិកានេះឡើង ហើយនិងវាគ្មិនទាំងអស់ចំពោះការខិតខំប្រឹងប្រែងក្នុងការជំរុញការយល់ដឹងជាសាធារណៈអំពីការជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍វិស័យនេះក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ និងបានស្វាគមន៍ការចូលរួមរបស់អ្នកជំនាញអន្តរជាតិ និងក្រុមហ៊ុនវិនិយោគសក្តានុពលពីបរទេសផងដែរ។ លោកក៏រំពឹងផងដែរថា ដោយមានការចូលរួមយ៉ាងសកម្មពីអ្នកទីផ្សារស្របច្បាប់ ដោយរួមមានក្រុមហ៊ុនសមភាគីកណ្តាល និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ បូករួមជាមួយបរិយាកាសវិនិយោគអំណោយផង គាត់ជឿជាក់ថាការជួញដូរឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជានាពេលអនាគតនឹងមានភាពត្រចះត្រចង់។
ក្នុងឱកាសដ៏ពិសេសនេះផងដែរ ក្រុមហ៊ុន CDX និងក្រុមហ៊ុន JFX បានធ្វើកិច្ចសហការរួមគ្នា ដោយមានលោកបណ្ឌិត Dr. Sammy So នាយកប្រតិបត្តិក្រុមហ៊ុន CDX និង លោក Stephanus អគ្គនាយកក្រុមហ៊ុន JFX ជាតំណាងដ៏ខ្ពង់ខ្ពស់ ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) លើកិច្ចសហប្រតិបត្ដិការធុរកិច្ច និងមានសក្ខីភាពពីអាជ្ញាធររដ្ឋាភិបាល អ្នកជំនាញអន្តរជាតិ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ជាផងដែរ ។ ការចុះ MOU នេះ បានបង្កើតព្រឹតិ្តការណ៍សំខាន់មួយ ក៏ដូចជាគ្រឹះដ៏រឹងមាំមួយសម្រាប់អភិវឌ្ឍស្តង់ដារទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិត Dr. Sammy បានសម្តែងក្តីសោមនស្សរីករាយចំពោះការចុះ MOU នេះហើយ ជឿជាក់ថាក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីសម្រេចបាននូវគោលដៅរួមមួយ និងជាពិសេសដើម្បីឲ្យការជួញដូរនេះប្រកបដោយយុត្តិធម៌និងតម្លាភាព។ លោកបណ្ឌិតក៏បានបង្ហាញពីទស្សនៈវិស័យចម្បងរបស់ក្រុមហ៊ុនCDX ក្នុងការបង្កើនសម្ព័ន្ធភាពជាមួយក្រុមហ៊ុននានា ដើម្បីនាំយកបច្ចេកវិទ្យាទំនើបនិងការគាំទ្រយ៉ាងពេញទំហឹងដល់ទីផ្សារឧបករណ៍និស្សន្ទក្នុងប្រទេសកម្ពុជា។
បន្ទាប់មកមានកិច្ចពិភាក្សាក្រោមប្រធានបទ “កាលានុវត្តភាពក្នុងស្រុកសម្រាប់អ្នកចូលរួមអន្តរជាតិ” ដោយមានលោក Jonathan Barrat អភិបាលក្រុមហ៊ុន Goldstar LP Pty Ltd. ជាអ្នកសម្របសម្រួល ជាមួយនិងវាគ្មិនជំនាញ៦រូប រួមមាន លោក Stephanus អគ្គនាយកក្រុមហ៊ុន JFX លោក Will Robbins ប្រធានក្រុមហ៊ុន Asia in IS Prime លោក Iwan ប្រធានប្រតិបតិ្តការក្រុមហ៊ុន PT Mentari Mulia Berjangka លោក Hawk Cheng ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Golden FX Link Capital និងលោក Michael Nen នាយកប្រតិបតិ្តនៃក្រុមហ៊ុន Sky Precious Metal Co., Ltd។ កិច្ចពិភាក្សានេះបានដំណើរការទៅយ៉ាងរលូន និងបានពាំនាំមកនូវការវិភាគដ៏ស៊ីជម្រៅ អំពីអនាគតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ស្របគ្នានោះដែល ក៏មានការបង្ហាញពីឱកាសវិនិយោគដ៏ធំពាក់ព័ន្ធនឹង ស្ថានភាពហិរញ្ញវត្ថុនៅប្រទេសកម្ពុជាដែលកំពុងបង្ហាញពីកំណើនវិជ្ជមាន និងការអភិវឌ្ឍន៍ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនជាបន្តបន្ទាប់។ ដូចនេះ គេរំពឹងថានឹងមានវិនិយោគិនជាច្រើននឹងហូរចូលមកប្រទេសកម្ពុជានាអនាគត។
អ្នកចូលរួមទាំងអស់បង្ហាញអារម្មណ៍រីករាយ ប្រកបដោយផ្លែផ្កាក្នុងការចូលរួមវេទិកាដ៏ធំ និងការផ្តល់ចំណេះដឹង ក៏ដូចជាការបណ្តុះគំនិតវិនិយោគផងដែរ។ ដោយផ្អែកលើលទ្ធផលនេះ គ.ម.ក និងក្រុមហ៊ុន CDX បានសន្យាថានឹងផ្តល់ការអប់រំទូលំទូលាយដល់សាធារណជនតាមរយៈវេទិកានានា សិក្ខាសាលា និងការបណ្តុះបណ្តាលនាពេលអនាគតសម្រាប់ការអភិវឌ្ឍទីផ្សារឧបករណ៏និស្សន្ទ ក៏ដូចជាដើម្បីបង្ហាញពីសក្តានុពនៃទីផ្សារដែលកំពុងលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាផងដែរ។