ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបានបើកកិច្ចប្រជុំមួយជាមួយនឹងក្រុមហ៊ុន ADSS នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូបៃនៃសហព័ន្ធអារ៉ាប់រួម ដើម្បីស្វែងរកឱកាសនៃភាពជាដៃគូខ្លាំងក្លាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសលើការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាសហព័ន្ធអារ៉ាប់រួម។ នៅក្នុងឱកាសនោះ តំណាងជាន់ខ្ពស់នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង រួមមានលោក Lawrence Kook ជាអភិបាល លោក Onyen Yong ជាទីប្រឹក្សាផ្នែកច្បាប់ លោក John Hsu ជានាយកផ្នែកគម្រោងពិសេស និងលោក Michael Tam ដែលជាប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ បានជួបជាមួយនឹងលោក Hasan Hamd ដែលជាប្រធានផ្នែកលក់ជាន់ខ្ពស់របស់ ADSS ហើយអ្នកទាំងគ្នាបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើគោលដៅ និងផែនការរួមជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង គឺជាគ្រឹះស្ថានផាត់ទាត់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិកាន់តែខ្លាំងឡើងៗ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងពិព័រណ៍និងសន្និសីទអន្តរជាតិផ្សេងៗគ្នានៅទូទាំងពិភពលោក។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ដែលជានិយ័តករនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្នុងការជំរុញឱ្យមានការស្នើសុំអាជ្ញាបណ្ណសម្រាប់តួអង្គទីផ្សារ និងការលើកកម្ពស់ស្តង់ដារនៃទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់នៅក្នុងប្រទេស។
លោក Lawrence បាននិយាយថា៖ “យើងពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ចំពោះកិច្ចប្រជុំប្រកបដោយផ្លែផ្កាមួយនេះ។ គ្រប់គ្នានៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង តែងតែមានបំណងពង្រីកវិសាលភាពនៃអាជីវកម្មរបស់យើង ក៏ដូចជាចូលរួមចំណែកដល់ការរីកចម្រើននៃការជួញដូរឧបករណ៍និស្សន្ទនៅតាមបណ្តាតំបន់ផ្សេងៗទៀត បន្ទាប់ពីពួកយើងបានបង្កើតប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជារួចមក។ សហព័ន្ធអារ៉ាប់រួម មានក្រុមហ៊ុនដែលមានសក្ដានុពលជាច្រើន រួមទាំងក្រុមហ៊ុនឧបករណ៍និស្សន្ទ ក្រុមហ៊ុនផ្ដល់មធ្យោបាយទូទាត់ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយ ADSS គឺជាក្រុមហ៊ុនលេចធ្លោមួយនៅទីនោះ។ ដូច្នេះ វាពិតជាអស្ចារ្យណាស់ក្នុងការសហការ ជាមួយពួកគេ ដើម្បីប្រមូលផ្ដុំធនធានកាន់តែច្រើនក្នុងការជំរុញវិស័យរបស់យើងឱ្យឆ្ពោះទៅមុខបន្តទៀត។”
ជាមួយនឹងទីស្នាក់ការកណ្តាលនៅទីក្រុងអាប៊ូដាប៊ី ADSS គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ដែលផ្តល់ជូននូវសេវាជួញដូរតាមប្រព័ន្ធអនឡាញ សេវាគ្រប់គ្រងទ្រព្យសម្បត្តិ និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្មសម្រាប់អតិថិជនជារូបវន្តបុគ្គល និងនីតិបុគ្គល។ ក្រុមហ៊ុនមួយនេះ ក៏ផ្តល់ជូននូវការវិភាគទីផ្សាររូបិយប័ណ្ណអន្តរជាតិនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ដូចជា ស្ថានីយ៍CNBC ស្ថានីយ៍Bloomberg និងស្ថានីយ៍ CNBC Arabiya ផងដែរ។
ដោយផ្អែកទៅលើខ្លឹមសារនៃកិច្ចប្រជុំនេះ សហគមន៍ពាណិជ្ជករចិន ត្រូវបានរំពឹងថា វានឹងត្រូវបានបង្កើតនិងអភិវឌ្ឍនៅសហព័ន្ធអារ៉ាប់រួម ក្នុងគោលបំណងបន្ថែមតួអង្គទីផ្សារ ដែលនឹងនាំឱ្យមានការកើនឡើងនៃបរិមាណនៃការជួញដូរ ក៏ដូចជាដើមទុនវិនិយោគ ហើយការបង្កើតឡើងនេះ នឹងជួយវិស័យផ្សេងៗទៀតផងដែរ ដូចជាវិស័យទេសចរណ៍ វិស័យផលិតកម្ម វិស័យសំណង់ និង វិស័យអចលនទ្រព្យជាដើម។ សម្រាប់ប្រទេសកម្ពុជាវិញ វានឹងទទួលបានលំហូរចូលនៃវិនិយោគិន ដែលនឹងមកធ្វើការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសម្រាប់ដំណើរការអាជីវកម្មឧបករណ៍និស្សន្ទ។ ស្ថានភាពនេះ នឹងជួយពង្រឹងចរន្តនៃប្រតិបត្តិការហរិញ្ញវត្ថុ បង្កើនធនធានមនុស្សនិងវិស័យអប់រំ បង្កើនឱកាសការងារ និងជំរុញវិស័យអចលនទ្រព្យឱ្យកាន់តែមានភាពល្អប្រសើរផងដែរ។