ទីផ្សារ​ឧបករណ៍​និស្សន្ទ​ ត្រូវបាន​គេ​មើលឃើញ​ថា​មាន​កំណើន​ខ្ពស់

ទីផ្សារ​ឧបករណ៍​និស្សន្ទ​ ត្រូវបាន​គេ​មើលឃើញ​ថា​មាន​កំណើន​ខ្ពស់

ខណៈ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ​ហាក់​ដូចជា​ប្រធានបទ​នៅ​គ្រប់ការ​សន្ទនា​នានា និង​លេចឡើង​នៅលើ​ទំព័រ​កាសែត​យ៉ាង​ព្រោងព្រាត​លោក Lawrence Kook អភិបាល​ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជឿជាក់​ថា​វា​អាចជា​ឱកាស​ដ៏ល្អ​សម្រាប់​វិនិយោគិន​ធ្វើការ​ជួញដូរ​លើកដំបូង​របស់​ពួកគេ​។

លោក Kook បាន​ឲ្យ​ដឹងថា ខណៈ​ដែល​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​អាចមាន​ហានិភ័យ វា​ក៏​អាចជា​ចំណែក​ដ៏មាន​សក្តានុពល​មួយ​នៃ​ផលចំណេញ​របស់​វិនិយោគិន ដោយសារ​វា​ផ្ដល់​ឡេវឺរេច​រហូត​ដល់​ ១០០ ​ដង​។

ឧទាហរណ៍​៖ វិនិយោគិន​ម្នាក់​ត្រូវការ​តែ​ ១,០០០ ​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​ជួញដូរ​ផលិតផល​ឧបករណ៍​និស្សន្ទ​ដែល​មាន​តម្លៃ ១០០,០០០ ​ដុល្លារ​ជាមួយ​នឹង​ការអនុវត្ត​សេវា​ឆ្លង​ថ្ងៃ (Swap)​។

ឧបករណ៍​និស្សន្ទ​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​អនុញ្ញាត​សម្រាប់​ការបង្កើន​ដើមទុន​លើ​ផលិតផល​ដើម​ដូចជា​ទំនិញ​ ឬ​រូបិយប័ណ្ណ​ជាដើម​។

ការធ្វើ​អាជីវកម្ម​លើ​ឧបករណ៍​និស្សន្ទ​ដែល​រួមមាន​ការប្តូរ​រូបិយប័ណ្ណ​បរទេស ឬ​ទំនិញ​ផ្សេងៗ​ត្រូវ​បាន​គេ​ជឿជាក់ថា វា​គឺជា​ឧបករណ៍ប្រើប្រាស់​ដើម្បី​ការពារ​ហានិភ័យ​ និង​បង្កើន​ផលចំណេញ​អតិបរមា​។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ឆ្នាំ​ ២០១៦ កំពុងផ្តល់​ជូន​ឧបករណ៍​ហិរញ្ញវត្ថុ​ចំនួន​ ២៧ ​ប្រភេទ​តាមរយៈ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ជាច្រើន​របស់ខ្លួន​។ លោក Kook បាន​ថ្លែងថា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏​អាច​ចូល​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ឈ្មួញ​ជើងសា​របស់ខ្លួន​ដែល​មាន​អាជ្ញាប័ណ្ណ​ផងដែរ​។

ទំហំ​នៃ​ការជួញដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​បាន​កើនឡើង​ពី​ ៨៤ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨ រហូតដល់ ១២០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុននេះ បើ​យោងតាម​តួលេខ​ផ្លូវការ​។

លោក Kook ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទីក្រុង​ហុងកុង​ថា​៖ «​បើ​ក្រឡេកមើល​ទីផ្សារ និង​ចំនួន​តួអង្គ​ក្នុង​ទីផ្សារ​នេះ​ប្រមាណ​ ១៨០ ​លាន​ដុល្លារ​នៃ​ការជួញដូរ​នឹង​អាច​កើតឡើង​ក្នុង​ឆ្នាំ​នេះ​»​។

«​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការជួយ​ប្រទេស​កម្ពុជា​ឱ្យមាន​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ផ្ទាល់ខ្លួន ដូច្នេះ​វា​អាចជួយ​ដល់​ធនាគារ វិនិយោគិន និង​ពាណិជ្ជករ​ផ្នែក​កសិកម្ម ដើម្បី​ការពារ​ហានិភ័យ​នៅក្នុង​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​។

លោក Lawrence បាន​បន្តទៀតថា​៖ «​រហូតមកដល់​ពេលនេះ​យើង​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​លើ​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ដែល​បាន​រីកចម្រើន និង​វិវឌ្ឍ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមកនេះ​»​។

យោងតាម​ធនាគារ​សម្រាប់​ការផាត់ទាត់​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ីស ការជួញដូរ​ឧបករណ៍​និស្សន្ទ​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ពី​ ៥៤៤ ​ពាន់​ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​ ២០១៨ រហូតដល់​ប្រមាណ​ ៦៤០ ​ពាន់​ពាន់​លាន​ដុល្លារ​នៅត្រឹម​ខែមិថុនា​ឆ្នាំ​ ២០១៩​។

លោក Lawrence បាន​បន្ថែមថា​៖ «​ជារឿយៗ រូបិយប័ណ្ណ​បរទេស​ និង​មាស​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏ពេញនិយម​បំផុត​ដែលមាន​អត្រា​ជួញដូរ​ពី​ ៦០ ​ភាគរយ​ទៅ​ ៧០ ​ភាគរយ​នៃប្រតិបត្តិ​ការជួញដូរ​ទាំងអស់​នៅ​ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​របស់ខ្លួន​»​។

«​ខ្ញុំ​គិតថា មាស​គឺជា​ទំនិញ​ដ៏ល្អ​មួយ​សម្រាប់​ការកាត់បន្ថយ​ហានិភ័យ​តាមរយៈ​ការធ្វើ​ពិពិធកម្ម​សម្រាប់​បុគ្គល​ម្នាក់ៗ ប្រសិនបើ​វា​នៅ​មិនទាន់​ជា​ផ្នែក​ណាមួយ​នៃ​ផលបត្រ​វិនិយោគ​របស់​ពួកគេ​។

ចំណុច​ពិសេស​មួយ​ក្នុងចំណោម​ចំណុច​ពិសេស​ទាំងឡាយ​របស់​ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺ​ការបញ្ជាទិញ-លក់​រហ័ស «spot market» ដែល​អនុញ្ញាតឱ្យ​វិនិយោគិន​អាច​បញ្ចប់​ប្រតិបត្តិ​ការទិញ​លក់​នៅពេល​ណាមួយ​ក៏បាន មិន​ដូច​កិច្ចសន្យា​អនាគត (futures contract) ដែលមាន​កាលបរិច្ឆេទ​នៃ​ការផុត​កំណត់​ និង​កាលបរិច្ឆេទ​ចែកចាយ​លើ​ផលិតផល​របស់ខ្លួន​។

លោក Lawrence បាន​ថ្លែងថា ទោះបី​ជា​ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ទើបតែ​ត្រូវបាន​បង្កើតឡើង​កាលពី​ ៤ ​ឆ្នាំ​មុន​ក្តី ក្រុមហ៊ុន​ត្រូវបាន​គេ​ចាត់ទុក​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ទីផ្សារ​មូលធន ពីព្រោះ​វា​បាន​ជួយ​ឱ្យ​ឧបករណ៍​ហិរញ្ញវត្ថុ​នេះ​ដំណើរការ​ដោយ​ស្របច្បាប់​ពី​ទីផ្សារ​ដែល​គ្មាន​ការអនុញ្ញាត (grey market)​។

ជម្រើស​នៃ​ការវិនិយោគ​គួរ​អាស្រ័យ​លើ​អាយុ ស្ថានភាព​គ្រួសារ (​ប្រសិនបើ​អ្នកមាន​កូន​) និង​កម្រិត​នៃ​ហានិភ័យ​ដែល​អ្នក​អាច​ទទួល​យក​បាន​។

ខណៈ​ដែល​វា​ល្អ​បំផុត​ប្រសិនបើ​មានការ​ប្រឹក្សា​ជាមួយ​អ្នករៀបចំ​ផែនការ​ហិរញ្ញវត្ថុ​លោក Lawrence បានផ្តល់​អនុសាសន៍​អំពី​គោលការណ៍ ៣០-៣០-៤០ សម្រាប់​វិនិយោគិន​វ័យក្មេង ឬ​អ្នក​ដែល​ចូល​ទីផ្សារ​ជា​លើកដំបូង​។​។ ​គោលការណ៍​នេះ​មានន័យ​ថា ៣០ ​ភាគរយ​ហានិភ័យ​ខ្ពស់​ទទួល​បាន​ផលត្រឡប់​មក​វិញ​ខ្ពស់ ៣០ ​ភាគរយ​ហានិភ័យ​មធ្យម​ទទួល​បាន​មកវិញ​មធ្យម និង​ ៤០ ​ភាគរយ​ហានិភ័យ​ទាប​ទទួល​បាន​ផល​ត្រឡប់​មកវិញ​ទាប​៕