ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានបើកកិច្ចប្រជុំមួយជាមួយក្រុមហ៊ុន Equiti Group Ltd. នៅទីក្រុងឌូបៃនៃសហព័ន្ធអារ៉ាប់រួម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិភាក្សាលើឱកាសនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី។ កិច្ចពិភាក្សានេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង កំពុងបន្តពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ក្នុងការប្រមូលផ្តុំដៃគូហិរញ្ញវត្ថុសកល និងពង្រឹងទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជា ក៏ដូចជានៅសហព័ន្ធអារ៉ាប់រួមផងដែរ។
កិច្ចពិភាក្សាដ៏មានអត្ថន័យនេះ ត្រូវបានចូលរួមដោយលោក John Hsu នាយកផ្នែកគម្រោងពិសេស និងលោក Michael Tam ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាតំណាងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង រួមជាមួយនឹងលោក Mohammed Isbeer នាយកសកលផ្នែកលក់ដល់ឈ្មួញជើងសា និងលោក Hormoz Faryar នាយកសកលផ្នែកលក់ដល់ស្ថាប័ន ដែលជាតំណាងក្រុមហ៊ុន Equiti Group Ltd.។
Equiti Group Ltd. គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអន្តរជាតិឈានមុខគេមួយ ដែលផ្តល់តម្លៃនៃផលិតផលជួញដូរដូចជា រូបិយប័ណ្ណអន្តរជាតិ និងCFD ហើយមានសាខាជាច្រើននៅតំបន់មជ្ឈឹមបូព៌ា អាមេរិកខាងជើង អឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
គម្រោងបង្កើតសហគមន៍នៃវិនិយោគិននៅក្នុងសហព័ន្ធអារ៉ាប់រួម ក៏ត្រូវបានលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ។ ក្រុមហ៊ុនទាំងពីរមានគោលបំណងច្បាស់លាស់ក្នុងការអភិវឌ្ឍគ្រប់ទិដ្ឋភាពទាំងអស់នៅក្នុងប្រទេសកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើវិស័យឧបករណ៍និស្សន្ទ៕