ជាមួយនឹងវត្តមានសិក្ខាកាមរាប់រយនាក់ សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨ របស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បន្ទាប់ពីបានពង្រីកការគ្របដណ្តប់លើខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សិក្ខាសិលានេះ ក៏មានវត្តមានរបស់ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ឯកឧត្តម សុខ ដារ៉ា និង ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលមកពីសភាពាណិជ្ជកម្មព្រមទាំងស្ថាប័នរដ្ឋ និងឯកជនផងដែរ។
តាមរយៈសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨នេះ ទិដ្ឋភាពទូទៅ និងការយល់ដឹងពីទីផ្សារឧបករណ៍និស្សន្ទត្រូវបានគូសបញ្ជាក់ដើម្បីធានាថាសិក្ខាកាមអាចទទួលបានព័ត៌មានលម្អិតគ្រប់គ្រាន់សម្រាប់ការបង្កើនចំណេះដឹងវិនិយោគ និងការវាយតម្លៃខ្លួនឯងលើជម្រើសវិនិយោគ។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏មានវត្តនៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនបានចូលរួមក្នុងពិព័រណ៍អន្ដរជាតិនៅប្រទេសសៃប្រឺស (Cyprus) កាលពីដើមឆ្នាំនេះ ហើយក្រុមហ៊ុននេះបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលទីក្រុងឡុងប្រចាំឆ្នាំ២០១៨ (2018 London Summit) នៅប្រទេសអង់គ្លេសកាលពីខែមុន។ នៅដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងចូលរួមពិព័រណ៍អន្តរជាតិមួយផ្សេងទៀតនៅទីក្រុងហុងកុង។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលមានមោទកភាពលើសមិទ្ធផលដ៏អស្ចារ្យទាំងនេះបាននិយាយថា “គ្រប់គ្នានៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមទាំងខ្ញុំពិតជាមានសេចក្តីរីករាយណាស់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់យើងដល់អ្នកចូលរួមនៅក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនេះ។ មិនថាពួកគេនៅទីណាទេ វិនិយោគិនកម្ពុជាសមនឹងទទួលបានការអប់រំអំពីការវិនិយោគ ក៏ដូចជាការបង្ហាញ និងការគាំទ្រក្នុងការចាប់យកឱកាសវិនិយោគឱ្យបានប្រសើរ។ ទោះបីជាយើងបានក្លាយខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងឧស្សាហកម្មថ្មីមួយនេះក៏ដោយ ការងាររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ។ យើងនឹងបន្តខិតខំប្រឹងប្រែងក្នុងការនាំយកទីផ្សារឧបករណ៍និស្សន្ទកម្ពុជាទៅកាន់ឆាកអន្តរជាតិ មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ”៕