ភ្នំពេញ៖ លោក សុខដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ទាក់ទងនឹងបរិមាណជួញដូរ ចំនួនតួអង្គក្នុងទីផ្សារ និងបទប្បញ្ញត្តិ។
ជាមួយនឹងវត្តមានសិក្ខាកាមរាប់រយនាក់ សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨ស្តីពី”អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា” របស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បន្ទាប់ពីបានពង្រីកការគ្របដណ្តប់លើខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សិក្ខាសិលានេះ ក៏មានវត្តមានរបស់ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា លោក សុខ ដារ៉ា និង លោក សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលមកពីសភាពាណិជ្ជកម្មព្រមទាំងស្ថាប័នរដ្ឋ និងឯកជនផងដែរ។
សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍សំខាន់ដំបូងគេបង្អស់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង គណៈកម្មការមូលបត្រកម្ពុជា ដែលប្រព្រឹត្តទៅនៅតាមបណ្តាខេត្ត និងជាគំនិតផ្តួចផ្តើមដ៏ល្អមួយក្នុងការបន្តផ្សព្វផ្សាយទីផ្សារឧបករណ៍និស្សន្ទលើគ្រប់ទិដ្ឋភាពទាំងអស់ដោយបន្ថែមតម្លៃដ៏ធំធេងលើភាពទូលំទូលាយនៃការយល់ដឹងពីទីផ្សារមួយនេះ និងបង្កើតជាវេទិកាមួយសម្រាប់អភិវឌ្ឍធនធានមនុស្ស សកម្មភាពហិរញ្ញវត្ថុ និងស្ថានភាពសេដ្ឋកិច្ច។
“គណៈកម្មការមូលបត្រកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទនៅគ្រប់ផ្នែកទាំងអស់នៃប្រទេសកម្ពុជា និងជួយសម្រួលដល់ការរីកចម្រើននៃទីផ្សារស្របច្បាប់។ ដើម្បីការពារវិនិយោគិន គណៈកម្មការមូលបត្រកម្ពុជា កំពុងខិតខំធ្វើឱ្យពួកគេស្គាល់ក្រុមហ៊ុនឈ្មួញជើងសាដែលបានចុះបញ្ជីត្រឹមត្រូវ និងលើកទឹកចិត្តក្រុមហ៊ុនទាំងនោះឱ្យបន្តអនុវត្តវិធីសាស្ត្រគ្រប់គ្រងហានិភ័យ និងគោលនយោបាយការពារវិនិយោគិន។” នេះជាប្រសាសន៍របស់លោក ស៊ូ សុជាតិ ដែលត្រូវបានដកស្រង់ចេញពីសុន្ទរកថារបស់លោក ក្នុងអំឡុងពេលនៃសិក្ខាសាលាតាមបណ្តាខេត្តនេះ។
តាមរយៈសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨នេះ ទិដ្ឋភាពទូទៅ និងការយល់ដឹងពីទីផ្សារឧបករណ៍និស្សន្ទត្រូវបានគូសបញ្ជាក់ដើម្បីធានាថាសិក្ខាកាមអាចទទួលបានព័ត៌មានលម្អិតគ្រប់គ្រាន់សម្រាប់ការបង្កើនចំណេះដឹងវិនិយោគ និងការវាយតម្លៃខ្លួនឯងលើជម្រើសវិនិយោគ។
នៅពេលលើកទឹកចិត្តវិនិយោគិនឲ្យធ្វើការវិនិយោគលើផលិតផលផ្សេងៗគ្នា លោក សុខ ដារ៉ា បានបន្ថែមថា “រាល់ការវិនិយោគតែងមានហានិភ័យ ហើយកាលណាហានិភ័យកាន់តែខ្ពស់ ការតបស្នងនឹងកាន់តែច្រើន។ ការធ្វើពិពិធកម្មលើការវិនិយោគ គឺជាយុទ្ធសាស្រ្តសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យ”។
នៅក្នុងសិក្ខាសាលានៅខេត្តព្រះសីហនុ លោក សៀង ធីរិទ្ធ បានជម្រុញឱ្យសិក្ខាកាមទាំងអស់ឱ្យស្វែងរកចំណេះដឹង និងជំនាញនៃការជួញដូរ ឧបករណ៍និស្សន្ទ និងជ្រើសរើសក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដែលស្របច្បាប់ និងមានវិជ្ជាជីវៈជាដៃគូវិនិយោគរបស់ពួកគេសម្រាប់សុវត្ថិភាពនៃដើមទុន និងការបង្គរទ្រព្យសម្បត្តិរបស់ពួកគេ។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានវត្តមាននៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសិលាតាមបណ្ដាខេត្តក្នុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនបានបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹងចំណេះដឹងដែលត្រូវបានចូលរួមដោយអ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ដើម្បីផ្តល់ការអប់រំដល់សាធារណជនកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏មានវត្តមាននៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនបានចូលរួមក្នុងពិព័រណ៍អន្ដរជាតិនៅប្រទេសសៃប្រឺស (Cyprus) កាលពីដើមឆ្នាំនេះ ហើយក្រុមហ៊ុននេះបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលទីក្រុងឡុងប្រចាំឆ្នាំ២០១៨ (2018 London Summit) នៅប្រទេសអង់គ្លេសកាលពីខែមុន។ នៅទីនោះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនអាស៊ីតែមួយគត់ដែលមកពីប្រទេសកម្ពុជា ដែលបានបង្ហាញពីវប្បធម៌ រួមជាមួយនឹងឱកាសវិនិយោគជាច្រើន និងអញ្ជើញវិនិយោគិនបរទេសឱ្យចូលរួមក្នុងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
នៅដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងចូលរួមពិព័រណ៍អន្តរជាតិមួយផ្សេងទៀតនៅទីក្រុងហុងកុង។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលមានមោទកភាពលើសមិទ្ធផលដ៏អស្ចារ្យទាំងនេះបាននិយាយថា “គ្រប់គ្នានៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមទាំងខ្ញុំពិតជាមានសេចក្តីរីករាយណាស់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់យើងដល់អ្នកចូលរួមនៅក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនេះ។ មិនថាពួកគេនៅទីណាទេ វិនិយោគិនកម្ពុជាសមនឹងទទួលបានការអប់រំអំពីការវិនិយោគ ក៏ដូចជាការបង្ហាញ និងការគាំទ្រក្នុងការចាប់យកឱកាសវិនិយោគឱ្យបានប្រសើរ។ ទោះបីជាយើងបានក្លាយខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងឧស្សាហកម្មថ្មីមួយនេះក៏ដោយ ការងាររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ។ យើងនឹងបន្តខិតខំប្រឹងប្រែងក្នុងការនាំយកទីផ្សារឧបករណ៍និស្សន្ទកម្ពុជាទៅកាន់ឆាកអន្តរជាតិ មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ”។
លោក Lawrence Kook បានទទួលស្គាល់ពីសារៈសំខាន់នៃសិក្ខាសាលាតាមបណ្តាខេត្តនេះ ហើយបានថ្លែងអំណរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ លោក Lawrence Kook ក៏បានបើកចំហរយ៉ាងទូលាយចំពោះការចូលរួមនាពេលអនាគតនៅក្នុងព្រឹត្តិការណ៍ផ្សេងៗទៀតរបស់គណៈកម្មការមូលបត្រកម្ពុជា។
“ចាប់តាំងពីដំបូងមក ខ្ញុំតែងតែនិយាយថាទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាមានសក្តានុពលដ៏អស្ចារ្យហើយខ្ញុំរីករាយដែលយើងបានជម្រុញឱ្យក្រុមហ៊ុនឈ្មួញជើងសាអន្តរជាតិទទួលបានអាជ្ញាបណ្ណនៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ។ ទីផ្សារនេះនៅតែបន្តរីកចម្រើនហើយលទ្ធផលនេះបានមកពីការខិតខំប្រឹងប្រែងរបស់យើង ហើយប្រាកដណាស់ សមិទ្ធផលនេះក៏មានការចូលរួមចំណែកដ៏ធំធេងពីគណៈកម្មការមូលបត្រកម្ពុជាផងដែរ។” លោក Lawrence Kook បានបន្តថា ប្រវត្ដិសាស្ដ្រកំពុងតែត្រូវបានបង្កើតឡើង ។
សិក្ខាសាលាតាមបណ្ដាខេត្តនេះ ត្រូវបានគេជឿជាក់ថា វានឹងបង្កើតបានជាគ្រឹះដ៏រឹងមាំមួយសម្រាប់ភាពចម្រុងចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាសម្រាប់ថ្ងៃអនាគត។