ជាការបន្ដចូលរួមអភិវឌ្ឍទីផ្សារវិនិយោគហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទីផ្សារហិរញ្ញវត្ថុសកល ដើម្បីទាញប្រយោជន៍សម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាសម្រាប់ភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុទាំងមូល។
កាលពីថ្ងៃទី២០ ដល់ទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមពិព័រណ៍អន្ដរជាតិ iFX EXPO ASIA 2023 ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ជាថ្មីម្តងទៀត ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានកិត្តិយសដែលបាននាំយកទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជាទៅកាន់ព្រឹត្តិការណ៍អន្ដរជាតិ។
តាមរយៈការចូលរួមក្នុងពិព័រណ៌ហិរញ្ញវត្ថុលំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចាប់ឱកាសដ៏ល្អមួយនេះ ដើម្បីបង្ហាញពីជំនាញវិជ្ជាជីវៈកំពូល និងវិសាលភាពសេវាកម្មហិរញ្ញវត្ថុរបស់យើង ដល់អ្នកជំនាញ ប្រតិបត្តិករអាជីវកម្មក្នុងវិស័យពាក់ព័ន្ធ និងឥស្សរជនកំពូលៗមកពីជុំវិញពិភពលោក។
សម្រាប់ iFX EXPO ASIA ក្នុងឆ្នាំ២០២៣ ដែលមានរយៈពេលបីថ្ងៃនេះ វាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលមានអ្នកចូលរួមរាប់ពាន់នាក់ និងមានក្រុមហ៊ុនជាច្រើនមកតាំងពិព័រណ៍ ។ បន្ថែមពីនេះ កម្មវិធីក៏មានវគ្គពិភាក្សាតុមូល និងការធ្វើបទបង្ហាញ ដោយវាគ្មិនកិត្ដិយសដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ និងភាពជោគជ័យក្នុងវិស័យហិរញ្ញវត្ថុ។ ដូច្នេះ កម្មវិធីទាំងមូល គឺជាវេទិកាដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សង្កេតនិន្នាការ និងគំរូអាជីវកម្មអន្តរជាតិ និងផ្លាស់ប្តូរទស្សនៈជុំវិញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនាពេលអនាគត។
លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «យើងរីករាយដែលបានដាក់បង្ហាញស្តង់របស់យើងនៅក្នុងពិព័រណ៍អន្តរជាតិ iFX EXPO ASIA 2023 នេះ ហើយយើងបានផ្សព្វផ្សាយជាលក្ខណៈអន្ដរជាតិអំពីទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា ជាពិសេសទីផ្សារឧបករណ៍និស្សន្ទ និងវិស័យពាក់ព័ន្ធផ្សេងទៀត។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ក្រុមហ៊ុនសក្ដានុពលនានាដែលមានបំណងមកវិនិយោគនៅកម្ពុជា ខណៈពេលដែលកម្ពុជាជាប្រទេសដែលមានលក្ខខណ្ឌអំណោយផលខ្លាំងសម្រាប់វិនិយោគិនបរទេស»។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពហិរញ្ញវត្ថុអន្តរជាតិនៅគ្រប់តំបន់នៃពិភពលោក និងផ្តួចផ្តើមយុទ្ធនាការ និងកម្មវិធីផ្សេងៗ ដើម្បីជំរុញការយល់ដឹងអំពីទីផ្សារ និងការចូលរួមពីសាធារណជន។
តាមរយៈការចូលរួមទាំងនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ទទួលបានបទពិសោធន៍ជាក់ស្តែង ចក្ខុវិស័យវែងឆ្ងាយ និងផែនការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តរភាព និងគុណភាព ហើយក្រុមហ៊ុនសង្ឃឹមថា យើងទាំងអស់គ្នានឹងរួមចំណែកដល់ការពង្រីកឱកាសវិនិយោគហិរញ្ញវត្ថុ ក៏ដូចជាភាពជោគជ័យរបស់អតិថិជន និងវឌ្ឍនភាពសេដ្ឋកិច្ចពិភពលោក។