ភ្នំពេញ៖ ជាមួយនឹងវត្តមានសិក្ខាកាមរាប់រយនាក់ សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨ របស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បន្ទាប់ពីបានពង្រីកការគ្របដណ្តប់លើខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សិក្ខាសិលានេះ ក៏មានវត្តមានរបស់ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា លោក សុខ ដារ៉ា និង លោក សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលមកពីសភាពាណិជ្ជកម្មព្រមទាំងស្ថាប័នរដ្ឋ និងឯកជនផងដែរ។
លោក ស៊ូ សុជាតិ បានថ្លែងក្នុងអំឡុងពេលនៃសិក្ខាសាលាតាមបណ្តាខេត្តនេះ បានឱ្យដឹងថា “គណៈកម្មការមូលបត្រកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទនៅគ្រប់ផ្នែកទាំងអស់នៃប្រទេសកម្ពុជា និងជួយសម្រួលដល់ការរីកចម្រើននៃទីផ្សារស្របច្បាប់។ ដើម្បីការពារវិនិយោគិន គណៈកម្មការមូលបត្រកម្ពុជា កំពុងខិតខំធ្វើឱ្យពួកគេស្គាល់ក្រុមហ៊ុនឈ្មួញជើងសាដែលបានចុះបញ្ជីត្រឹមត្រូវ និងលើកទឹកចិត្តក្រុមហ៊ុនទាំងនោះឱ្យបន្តអនុវត្តវិធីសាស្ត្រគ្រប់គ្រងហានិភ័យ និងគោលនយោបាយការពារវិនិយោគិន។”
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលមានមោទកភាពលើសមិទ្ធផលដ៏អស្ចារ្យទាំងនេះបាននិយាយថា “គ្រប់គ្នានៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមទាំងខ្ញុំពិតជាមានសេចក្តីរីករាយណាស់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់យើងដល់អ្នកចូលរួមនៅក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនេះ។ មិនថាពួកគេនៅទីណាទេ វិនិយោគិនកម្ពុជាសមនឹងទទួលបានការអប់រំអំពីការវិនិយោគ ក៏ដូចជាការបង្ហាញ និងការគាំទ្រក្នុងការចាប់យកឱកាសវិនិយោគឱ្យបានប្រសើរ។ ទោះបីជាយើងបានក្លាយខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងឧស្សាហកម្មថ្មីមួយនេះក៏ដោយ ការងាររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ។ យើងនឹងបន្តខិតខំប្រឹងប្រែងក្នុងការនាំយកទីផ្សារឧបករណ៍និស្សន្ទកម្ពុជាទៅកាន់ឆាកអន្តរជាតិ មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ”។
លោក Lawrence Kook បានបន្តថា “ចាប់តាំងពីដំបូងមក ខ្ញុំតែងតែនិយាយថាទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាមានសក្តានុពលដ៏អស្ចារ្យហើយខ្ញុំរីករាយដែលយើងបានជម្រុញឱ្យក្រុមហ៊ុនឈ្មួញជើងសាអន្តរជាតិទទួលបានអាជ្ញាបណ្ណនៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ។ ទីផ្សារនេះនៅតែបន្តរីកចម្រើនហើយលទ្ធផលនេះបានមកពីការខិតខំប្រឹងប្រែងរបស់យើង ហើយប្រាកដណាស់ សមិទ្ធផលនេះក៏មានការចូលរួមចំណែកដ៏ធំធេងពីគណៈកម្មការមូលបត្រកម្ពុជាផងដែរ”។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានវត្តមាននៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសិលាតាមបណ្ដាខេត្តក្នុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនបានបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹងចំណេះដឹងដែលត្រូវបានចូលរួមដោយអ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ដើម្បីផ្តល់ការអប់រំដល់សាធារណជនកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏មានវត្តមាននៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនបានចូលរួមក្នុងពិព័រណ៍អន្ដរជាតិនៅប្រទេសសៃប្រឺស (Cyprus) កាលពីដើមឆ្នាំនេះ ហើយក្រុមហ៊ុននេះបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលទីក្រុងឡុងប្រចាំឆ្នាំ២០១៨ (2018 London Summit) នៅប្រទេសអង់គ្លេសកាលពីខែមុន។ នៅទីនោះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនអាស៊ីតែមួយគត់ដែលមកពីប្រទេសកម្ពុជា ដែលបានបង្ហាញពីវប្បធម៌ រួមជាមួយនឹងឱកាសវិនិយោគជាច្រើន និងអញ្ជើញវិនិយោគិនបរទេសឱ្យចូលរួមក្នុងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
នៅដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងចូលរួមពិព័រណ៍អន្តរជាតិមួយផ្សេងទៀតនៅទីក្រុងហុងកុង។
លោក Lawrence Kook បានទទួលស្គាល់ពីសារៈសំខាន់នៃសិក្ខាសាលាតាមបណ្តាខេត្តនេះ ហើយបានថ្លែងអំណរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ លោក Lawrence Kook ក៏បានបើកចំហរយ៉ាងទូលាយចំពោះការចូលរួមនាពេលអនាគតនៅក្នុងព្រឹត្តិការណ៍ផ្សេងៗទៀតរបស់គណៈកម្មការមូលបត្រកម្ពុជា។
សិក្ខាសាលាតាមបណ្ដាខេត្តនេះ ត្រូវបានគេជឿជាក់ថា វានឹងបង្កើតបានជាគ្រឹះដ៏រឹងមាំមួយសម្រាប់ភាពចម្រុងចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាសម្រាប់ថ្ងៃអនាគត។