ចាប់តាំងពីបើកដំណើរការមក ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែឈានមុខគេនៅក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ដោយទទួលបានយ៉ាងហោចណាស់ ៧០% នៃចំនួនប្រតិបត្តិការជួញដូរសរុប ទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ ចំណុចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំ និងផែនការអភិវឌ្ឍដ៏សកម្មរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការផ្សព្វផ្សាយ និងប្រតិបត្តិការការងារ ដោយស្របតាមភាពត្រឹមត្រូវ វិជ្ជាជីវៈ និងបទប្បញ្ញត្តិនៅក្នុងទីផ្សារដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងមួយនេះ។
រហូតមកដល់ពេលនេះ នាមជា «ក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារ» បានក្លាយជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ស្របពេលដែលក្រុមហ៊ុនបន្ដភាពរីកចម្រើនទៅរកកម្រិតស្ដង់ដារពេញលេញរបស់ខ្លួន។ យោងតាមរបាយការណ៍ជួញដូរឧបករណ៍និស្សន្ទប្រចាំខែដែលចេញដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់ដែលស្ថិតនៅក្រោមការសម្របសម្រួល និងប្រតិបត្តិការរបស់ក្រុមហ៊ុនសមភាគីកណ្តាល ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមគ្នាសម្រេចបាន ៨២,៨៧% នៃចំណែកទីផ្សារសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដែលនេះគឺជាលទ្ធផលដ៏អស្ចារ្យ ទោះបីជាមានភាពមិនប្រាកដប្រជាដោយសារជំងឺកូវីដ–១៩ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មជាច្រើនចាប់តាំងពីការរាតត្បាតដំបូងមកម្ល៉េះ។ តាមរយៈទិន្នន័យនេះ ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នៅតែបន្ដជំហរជាក្រុមហ៊ុនឈ្មួញជើងសាឈានមុខគេនៅកម្ពុជា។
កាលពីខែមករាក្នុងត្រីមាសនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ទទួលបានចំណែកទីផ្សាររហូតដល់ ៨៦,៨៤% ដែលជាអត្រាខ្ពស់បំផុតដែលក្រុមហ៊ុនធ្លាប់ទទួលបានប្រចាំខែ។ លទ្ធផលមួយនេះ បានគាំទ្រជំហររបស់ខ្លួនក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងជាមោទកភាពក្នុងការបន្ដតំណែងជា «ក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារ» រហូតមកដល់បច្ចុប្បន្ន។ វាក៏ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនឈ្មួញជើងសាទាំងអស់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានរួមគ្នាដើម្បីបន្ត និងដើម្បីសម្រេចជោគជ័យក្នុងដំណើរអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ ដូចគ្នាដែរ ការគាំទ្ររបស់អតិថិជន និងតួអង្គទីផ្សារទាំងអស់ គឺមានសារៈសំខាន់ និងគុណតម្លៃខ្ពស់បំផុត ចំពោះការក្លាយជាអ្នកនាំមុខគេយ៉ាងពិតប្រាកដនៅក្នុងទីផ្សារ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «ភាពរីកចម្រើនរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏ដូចជាទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាទាំងមូល ក្រោមការគ្រប់គ្រង និងការការពារពីនិយ័តករមូលបត្រកម្ពុជា គឺដោយសារតែមានការចូលរួមចំណែកពីបុគ្គលពាក់ព័ន្ធ ក្រុមហ៊ុនឈ្មួញជើងសា និងលក្ខណៈដ៏ល្អនៃទីផ្សារផ្ទាល់ ដែលយើងអាចធ្វើប្រតិបត្តិការជួញដូរបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដូច្នេះ ខ្ញុំចង់ប្រាប់ថា ដរាបណាយើងនៅតែបន្តការប្តេជ្ញាចិត្ត និងការប្រើប្រាស់នូវកម្មវិធីជួញដូរដែលមានការទទួលស្គាល់ និងជឿទុកចិត្តនៅទូទាំងពិភពលោកនេះ យើងនឹងនៅតែបន្តដឹកនាំ និងរីកលូតលាស់ជាមួយទីផ្សារនៅកម្ពុជា និងនៅតំបន់អាស៊ានទាំងមូលផងដែរ»។
លោកបានបន្ថែមទៀតថា៖ «ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ–១៩ក្ដី អាជីវកម្មរបស់យើងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹង និងឱកាសជួញដូរឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអតិថិជនសក្តានុពល ដែលអាចជួយឱ្យពួកគាត់វិនិយោគដើម្បីបង្កើនទ្រព្យសម្បត្តិពីទីផ្សារហិរញ្ញវត្ថុ។ ឥឡូវនេះ យើងពិតជាមានមោទកភាពដែលយើងបានរីកចម្រើនទាំងអស់គ្នា»។
នៅក្នុងឆ្នាំ២០២១នេះ ជាមួយនឹងទីផ្សារដែលកំពុងរីកចម្រើន និងគំរូអាជីវកម្មជឿនលឿន ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នឹងបន្តចាប់យកឱកាស និងភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលអាចអនុញ្ញាតឱ្យវិនិយោគិនបន្ដអនុវត្តប្រតិបតិ្តការជួញដូរឧបករណ៍និស្សន្ទរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងជំរុញឱ្យមានកំណើនហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។