ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បន្ត​សហការ​រៀប​ចំ​សិក្ខា​សាលា​ស្តីពី «សារៈសំខាន់​នៃ​ការយល់​ដឹង​អំពី​ការវិនិយោគ​ហិរញ្ញវត្ថុ»

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បន្ត​សហការ​រៀប​ចំ​សិក្ខា​សាលា​ស្តីពី «សារៈសំខាន់​នៃ​ការយល់​ដឹង​អំពី​ការវិនិយោគ​ហិរញ្ញវត្ថុ»

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបន្តសហការរៀបចំសិក្ខាសាលាស្ដីពី «សារៈសំខាន់នៃការស្វែងយល់អំពីការវិនិយោគផ្នែកហិរញ្ញវត្ថុ» ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការស្វែងយល់បន្ថែមអំពីការវិនិយោគតាមបែបបច្ចេកវិទ្យា ព្រមទាំងជួយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

សិក្ខាសាលាលើកនេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រ និងកិច្ចសហការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងក្រុមហ៊ុន ហ្គោលវែល ខាភីថល ដោយមានគោលបំណងដូចគ្នា ក្នុងការលើកកម្ពស់ការវិនិយោគហិរញ្ញវត្ថុ រួមទាំងការបង្ហាញពីអត្ថប្រយោជន៍ទីផ្សារ ផែនការយុទ្ធសាស្រ្ត និងការគ្រប់គ្រងហានិភ័យជាដើម។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងត្រូវបានផ្ដល់កិត្ដិយសចូលរួមដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក និង លោក គឹម វារ៉ា តំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយលោកទាំងពីរបានថ្លែងសុន្ទរកថាចែករំលែកនូវគតិបណ្ឌិតល្អៗជុំវិញប្រធានបទសិក្ខាសាលា និងបានបង្ហាញការកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងក្នុងការបង្កើតសិក្ខាសាលានេះឡើង បន្ទាប់ពីសិក្ខាសាលានៅសាកលវិទ្យាល័យធនធានមនុស្ស និងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប រួចមក។

សិក្ខាសាលានេះក៏មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ និងអ្នកដែលស្វែងរកចំណេះដឹងទីផ្សារបន្ថែមសម្រាប់ការវិនិយោគហិរញ្ញវត្ថុរបស់ពួកគាត់ និងមានវាគ្មិនជំនាញចំនួនពីររូបដែលបានឡើងបកស្រាយ។ ប្រធានបទទី១៖ «សារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុចំពោះវិស័យហិរញ្ញវត្ថុ» ត្រូវបានធ្វើបទបង្ហាញដោយលោក Naoto Arase ដែលជាប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និង ប្រធានបទទី២៖ «ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើបទបង្ហាញដោយលោក ញឹម កុសល ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី។

តាមរយៈការធ្វើបទបង្ហាញទាំងពីរនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់ពីទិដ្ឋភាពមូលដ្ឋាននៃការវិនិយោគហិរញ្ញវត្ថុដែលមាននៅជុំវិញទីផ្សារកម្ពុជា និងពិភពលោក។ ជារួម ប្រធានបទទាំងពីរបានបង្ហាញថា ការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុ គឺជាកត្តាចាំបាច់មួយ។ មិនថាយើងមានអាជីព មុខជំនួញ ឬការងារក្នុងវិស័យណាមួយទេ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យយើងសម្រេចការងារទាំងនោះបានកាន់តែប្រសើរ។

តំណាងឱ្យក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្ដិ បានបញ្ជាក់ថា៖ «ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែបន្តបេសកកម្មរបស់ខ្លួនក្នុងការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និយ័តករទីផ្សារ និងដៃគូសហការ ក្នុងការនាំយកសកម្មភាពនានា ដែលអនុញ្ញាតិឱ្យសាធារណជន និងអតិថិជន ទទួលបាននូវអត្ថប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ»។

ដោយយល់ឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់នៅក្នុងគ្រប់វិស័យ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានសោមនស្សដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មនេះ។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងក្រុមហ៊ុន ហ្គោលវែល ខាភីថល និងការគាំទ្ររបស់ ន.ម.ក។ យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបម្រើជាប្រយោជន៍ដ៏ល្អមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។