ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សហការរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការយល់ដឹងអំពីការវិនិយោគហិរញ្ញវត្ថុ» នៅសាកលវិទ្យាល័យធនធានមនុស្ស

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សហការរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការយល់ដឹងអំពីការវិនិយោគហិរញ្ញវត្ថុ» នៅសាកលវិទ្យាល័យធនធានមនុស្ស

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២​ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការរៀបចំសិក្ខាសាលាស្ដីពី «សារៈសំខាន់នៃការស្វែងយល់អំពីការវិនិយោគផ្នែកហិរញ្ញវត្ថុ» ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការស្វែងយល់បន្ថែមអំពីការវិនិយោគតាមបែបបច្ចេកវិទ្យា ក៏ដូចជាដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

សិក្ខាសាលានេះត្រូ​វបានរៀបចំឡើងក្រោមកិច្ចសហការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) សាកលវិទ្យាល័យធនធានមនុស្ស (ស.ធ.ម) ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងក្រុមហ៊ុន ហ្គោលវែល ខាភីថល ដោយមានគោលបំណងដូចគ្នា ក្នុងការជួយលើកកម្ពស់ដល់ការវិនិយោគហិរញ្ញវត្ថុ ក៏ដូចជាការបង្ហាញពី​អត្ថប្រយោជន៍ទីផ្សារ ផែនការយុទ្ធសាស្រ្ត និងការគ្រប់គ្រងហានិភ័យជាដើម។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ ស.ធ.ម និង​ត្រូវបានផ្ដល់កិត្ដិយសចូលរួមដោយ ឯកឧត្តម​ ស៊ូ សុជាតិ​​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក និង ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការនៃ ស.ធ.ម ដែលលោកទាំងពីរបានថ្លែងសុន្ទរកថាចែករំលែកនូវគតិបណ្ឌិតល្អៗជុំវិញប្រធានបទសិក្ខាសាលា និងបានបង្ហាញការកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងក្នុងការបង្កើតសិក្ខាសាលានេះឡើង។​ គណៈអធិបតីទាំងពីរក៏បានបង្ហាញការស្វាគមន៍ចំពោះកិច្ចសហការនានានៅពេលអនាគត។

សិក្ខាសាលានេះក៏មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ និងអ្នកដែលស្វែងរកចំណេះដឹងទីផ្សារបន្ថែមសម្រាប់ការវិនិយោគហិរញ្ញវត្ថុរបស់ពួកគាត់ និងមានវាគ្មិនជំនាញចំនួនពីររូបដែលបានឡើងបកស្រាយ។ ប្រធានបទទី១៖​ «តើការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុសកលអាចជួយអ្នកយ៉ាងដូចម្តេចខ្លះ?» ត្រូវបានធ្វើបទបង្ហាញដោយលោក George Black ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល និងប្រធានបទទី២៖ «សន្ទនីយភាព និងលទ្ធភាពប្រើប្រាស់» ត្រូវបានធ្វើបទបង្ហាញដោយលោក ឡុង សំណាង ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី។

តាមរយៈការធ្វើបទបង្ហាញទាំងពីរនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់ពីទិដ្ឋភាពមូលដ្ឋាននៃការវិនិយោគហិរញ្ញវត្ថុដែលមាននៅជុំវិញទីផ្សារកម្ពុជា និងពិភពលោក។ ជារួម ប្រធានបទទាំងពីរចង់បង្ហាញថា ការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុ គឺជាកក្ដាចាំបាច់មួយ។ មិនថាយើងមានអាជីព មុខជំនួញ ឬការងារក្នុងវិស័យណាមួយទេ ចំណេះដឹងផ្នែកទីផ្សារហិរញ្ញវត្ថុអាចជួយឱ្យយើងសម្រេចការងារទាំងនោះបានកាន់តែប្រសើរ។

តំណាងឱ្យក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក វ៉ែន សំអាត ដែលជាប្រធានផ្នែកច្បាប់ បានបញ្ជាក់ថា៖ «ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែបន្តបេសកកម្មរបស់ខ្លួនក្នុងការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និយ័តករទីផ្សារ និងដៃគូសហការរបស់ខ្លួន ក្នុងការនាំយកសកម្មភាពនានា ដែលជួយដល់សាធារណជន និងអតិថិជនឱ្យទទួលបាននូវអត្ថប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ»។

លោក វ៉ែន សំអាត បានបន្ថែមទៀតថា៖ «ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់យើងទាំងអស់តែងតែសកម្ម និងមានផែនការច្បាស់លាស់ក្នុងការផ្សព្វផ្សាយអំពីទីផ្សារ។ ជាក់ស្ដែង ថ្ងៃនេះ ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេចំនួនពីររបស់យើង គឺក្រុមហ៊ុន ហ្គោលវែល ខាភីថល  និងក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី កំពុងតែបង្កើតគំរូដ៏ល្អមួយ។ ដោយយើងយល់ឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់នៅក្នុងគ្រប់វិស័យ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល យើងមានសោមនស្សដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណើរបេសកកម្មមួយនេះ»។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយនឹងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់យើងទាំងអស់ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ស.ធ.ម និងការគាំទ្ររបស់ ន.ម.ក។ យើងជឿជាក់ថា​ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបម្រើជាប្រយោជន៍ដ៏ល្អមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។