CDX ចូល​រួម​ចំណែក​ក្នុង​ការបង្កើន​ចំណេះដឹង​នៅ​កម្ពុជា​

CDX ចូល​រួម​ចំណែក​ក្នុង​ការបង្កើន​ចំណេះដឹង​នៅ​កម្ពុជា​

​ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ( CDX ) បាន​ឧបត្ថម្ភ និង​គាំទ្រ​ពិធី​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់ “សទ្ទានុក្រមសន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​” ដែល​ត្រូវ​បាន​ចាត់​ទុកជាសារៈ​ប្រយោជន៍​សម្រាប់​ភាសា​ខ្មែរ​បច្ចុប្បន្ន ក៏​ដូចជា​វិស័យ​ពាក់​ព័ន្ធ​ជា​ច្រើន ដូចជា​សេដ្ឋកិច្ច សាសនា វប្បធម៌ និង​ជា​ពិសេស វិស័យ​អប់រំ។ ពិធី​សម្ពោធ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគ​ជ័យ​នា​ថ្ងៃ​ទី 10 ខែ​កក្កដា ឆ្នាំ 2018 នៅ​សាកល​វិទ្យា​ល័យបញ្ញាសាស្រ្ត​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​សិស្ស​និស្សិត សាស្រ្តាចារ្យ អ្នក​ស្រាវជ្រាវ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត ។

ការ​គាំទ្រ និង​ការ​ឧបត្ថម្ភ​ដល់​ពិធី​នេះ បាន​កើត​មាន​ឡើង ស្រប​ពេល​ដែល​ក្រុម​ហ៊ុន CDX បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ជម្រុញ​វិស័យ​អប់រំ ក៏​ដូចជា​លើក​កម្ពស់ការ​យល់​ដឹងពីសារៈ​សំខាន់ និង​ការ​ផ្តល់​នូវ​ធនធាន​សម្រាប់​ការ​អប់រំ​នៅ​កម្ពុជា។ កិច្ច​ខិតខំ​ប្រឹង​ប្រែង និង​ការប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ការ​អប់រំ​ជា​សាធារណៈ​របស់​ក្រុម​ហ៊ុន CDX គឺ​មាន​វិសាលភាព​ធំ​ធេង ហើយ​ក្រុម​ហ៊ុន​បាន​រៀបចំ​វេទិកា សិក្ខា​សាលា និង​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដោយ​ផ្តោតជា​ពិសេស​លើវិស័យ​ឧបករណ៍​និស្សន្ទ ។

បន្ទាប់ពីសុន្ទរកថា​ស្វាគមន៍​របស់​លោក​បណ្ឌិត កុល ផេង បិតា​ស្ថាបនិក និង​សកល​វិទ្យា​ធិការ​នៃ​សកល​វិទ្យា​ល័យបញ្ញាសាស្រ្ត​កម្ពុជា ព្រះ​តេជគុណង៉ែតសុភាព ប្រធាន​បណ្ឌិត្យសភា​ស្រាវជ្រាវ​នៃ​និស្សិត​សកល​វិទ្យា​ល័យបញ្ញាសាស្រ្ត​កម្ពុជា លោក​ឈិន សីហា អ្នក​និពន្ធសទ្ទានុក្រម បាន​សម្តែង​​ទឹក​ចិត្ត​សោមន្ស​រីក​រាយ​ចំពោះ​សមិទ្ធផល​មួយ​នេះ ហើយ​ជឿ​ជាក់​ថា សទ្ទានុក្រម​នេះ​នឹង​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជា​ជាតិ​ទាំង​មូល។ បន្ទាប់មក លោក សីហា បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ចូល​រួម​ទាំង​អស់ ជា​ពិសេស ក្រុម​ហ៊ុន CDX និង​សមាជិក​នៃ​បណ្ឌិត្យសភា​ស្រាវជ្រាវ​នៃ​និស្សិត​សកល​វិទ្យា​ល័យបញ្ញាសាស្រ្ត​កម្ពុជា​ចំពោះ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ដែល​ជម្រុញ​អោយ​មាន​វត្ត​មាន​នៃ​សទ្ទានុក្រម ក៏​ដូចជា​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។ លោក​បាន​សន្យា​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ពាំ​នាំ​មក​នូវ​ស្នា​ដៃ​អប់រំ​ផ្សេងៗ​ទៀត​នា​ពេល​អនាគត។

ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ ក្រុម​ហ៊ុន​CDX បាន​កោតសរសើរ​នូវ​ការលេចរូបរាង​ឡើង​នៃ​សទ្ទានុក្រម​នេះ ហើយ​បាន​គូស​បញ្ជា​ក់ពីសារៈ​សំខាន់​នៃ​ការ​អប់រំ​ក្នុង​ការអភិវឌ្ឍ​លើគ្រប់វិស័យ​ទាំង​អស់ រួម​ទាំង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ពី​ព្រោះ​ការ​អប់រំ ផ្ដល់​អោយ​មនុស្ស​នូវ​ចំណេះដឹង ជំនាញ និង បច្ចេកទេស ក៏​ដូចជា​ការវិវឌ្ឍ​នៃ​ភាពច្នៃ​ប្រឌិត និង​ចក្ខុវិស័យ និង​ការ​យល់​ដឹងពី​រឿង​រ៉ាវ​ក្នុង​ជីវិត។ ការ​អប់រំ អាចបង្កើន​សមត្ថភាព​មនុស្ស​សម្រាប់​ទប់ទល់​នឹង​ភាពក្រីក្រ ភាពអ​យុត្តិធម៌ និង​អំពើ​ហឹង្សា ហើយ​ផ្តល់​នូវ​ឱកាស ភាព​យុត្តិធម៌ និង តម្លាភាព​ដល់​សង្គម។ ឆ្លើយតប​នឹង​កត្តា​ទាំង​នេះ​ហើយ​ទើប​ក្រុម​ហ៊ុន CDX បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពីកំលាំងកាយ​ចិត្ត​ក្នុង​ការលើ​កកម្ពស់វិស័យ​អប់រំ រួម​ទាំង​ធនធាន​មនុស្ស និង​សម្ភារៈ​សិក្សា ដើម្បី​​កសាង​សង្គម​មួយ​ដែល​ប្រកប​ដោយ​ចំណេះដឹង។

ភ្ញៀវ​កិត្តិយស និង​អ្នក​ចូល​រួម​ទាំង​អស់ ដែល​បាន​ចូល​រួម​ពិធី​សម្ពោធ​នេះ បាន​វាយ​តម្លៃ​ខ្ពស់​លើ “សទ្ទានុក្រមសន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​” ហើយ​ជឿ​ជាក់​ថា វា​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​ដ៏​ខ្លាំង​ក្លា​មួយ​ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា។