ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួនកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ក្រោមប្រធានបទ “ Green Oasis ” ដោយបានអញ្ជើញចូលរួមពីភ្ញៀវសំខាន់ៗរាប់រយនាក់មកពីបណ្ដាប្រទេសផ្សេងៗគ្នា។
ព្រឹត្តិការណ៍នេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីអបអរសាទរនូវសមិទ្ធិផលរបស់ក្រុមហ៊ុននិងបុគ្គលិកឆ្នើម ចំពោះការខិតខំប្រឹងប្រែងក្នុងការងាររបស់ពួកគាត់។ ចំនុចកាន់តែសំខាន់នៃការជោគជ័យក្នុងឆ្នាំ ២០១៩នោះ គឺក្រុមហ៊ុនបានបញ្ចប់សិក្ខាសាលារបស់ខ្លួនតាមការគ្រោងទុកដែលបានធ្វើនៅទូទាំង២៥ ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា ដោយបានផ្តល់នូវការអប់រំ និងលើកស្ទួយចំណេះដឹងប្រជាជនកម្ពុជារាប់រយនាក់នៅក្នុងវិស័យទីផ្សារឧបករណ៍និស្សន្ទ។
ក្រៅពីទទួលបានជោគជ័យដែលគួរអោយកត់សម្គាល់ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនក៏បានជ្រើសរើសយកប្រធានបទ“ Green Oasis ” នេះក្នុងគោលបំណងផ្តោតលើការលើកទឹកចិត្តដល់ប្រជាជនឱ្យចេះសន្សំសំចៃធនធាននិងចេះស្រលាញ់បរិស្ថាន ព្រោះផែនដីជាមាតានៃពិភពលោក និងដើម្បីទប់ស្កាត់ការបំរែបម្រួលអាកាសធាតុនិងបង្កើតយុគ្គសម័យនៃពណ៍បៃតង។
ព្រឹត្តិការណ៍មួយនេះក៏បានជំរុញអោយភ្ញៀវដែលបានអញ្ជើញចូលរួម ចាប់ផ្តើមមានផ្នត់គំនិតវិជ្ជមានថ្មីៗទាក់ទងទៅនឹងការថែរក្សាបរិស្ថាន ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវសំខាន់ៗ មកពីបណ្ដាស្ថាប័ននិងក្រុមហ៊ុនផ្សេងៗគ្នាដូចជា៖ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, លោកជំទាវ ឆាយ លក្ខិណា ជាអគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, លោក Lawrence Kook ជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ព្រមទាំងវត្តមាន ភ្ញៀវកិត្តិយសរាប់រយនាក់ទៀត មកពីប្រទេសជាច្រើនដូចជា៖ កម្ពុជា ចិន អូស្រ្តាលី បារាំង វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាកាវ សិង្ហបុរី សហរដ្ឋអាមេរិក អង់គ្លេស ភូមា សាធារណរដ្ឋឆែកនិង ជប៉ុន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំនេះ ដើម្បីអបអរសាទរនៃភាពជោគជ័យនិងការចូលរួមចំណែករបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍន៍ល្អប្រសើរឡើងឥតឈប់ឈរ។
លោកជំទាវ ឆាយ លក្ខិណា បានថ្លែងអំណរគុណ ចំពោះវត្តមានរបស់ភ្ញៀវទាំងអស់ អំឡុងពេលថ្លែងសុន្ទរកថាស្វាគមន៍។ លោកជំទាវបានបន្តទៀតថា៖ រយះពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសម្រេចនូវកិច្ចការងារជាច្រើន ដែលមានសមិទ្ធិផលជាបន្តបន្ទាប់ដូចជា ក្រុមហ៊ុន ខេមបូឌានដេរីវ៉េទីវ អ៊ិចឆេង, ក្រុមហ៊ុនគ្រឿងអលង្ការ ឡុកហ្វុកកម្ពុជា ដែលជាក្រុមហ៊ុន លក់គ្រឿងអលង្ការ ដោយមានការទទួលស្គាល់ទូទំាងពិភពលោក, ក្រុមហ៊ុនអចលនទ្រព្យ ប្រីស្ទីចហូម (ខេមបូឌា) ដែលមានការគ្រាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ បន្ថែមលើសពីនេះ លោកជំទាវបានសម្តែងការអរគុណដល់បុគ្គលិកទាំងអស់ដែលបានរួមដៃគ្នាគាំទ្រ ជ្រោមជ្រែង ប្រកបដោយក្តីស្រលាញ់ដ៏ស្មោះត្រង់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនអោយមានផ្លែផ្កាដូចថ្ងៃនេះ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានបង្ហាញពីការពិពណ៌នានៃសមិទ្ធិផលរបស់ក្រុមហ៊ុន។ លោកបន្ថែមថា “ ការជោគជ័យរបស់ក្រុមហ៊ុន (CDX) ថ្ងៃនេះគឺដោយសារតែមានការគាំទ្រដ៏ស្មោះត្រង់របស់អ្នកទាំងអស់គ្នា ហើយទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជាមានតែការរីកចំរើនច្រើនឡើងៗជារៀងរាល់ឆ្នាំ។ យើងអាចមើលឃើញពីការបំពេញបេសកកម្មរបស់យើងក្នុងការផ្តល់នូវចំណេះដឹងនិងការណែនាំប្រជាជនកម្ពុជាអំពីឧស្សាហកម្មនេះឱ្យបានត្រឹមត្រូវ។” “ហើយក្នុងនាមយើងជាអ្នកដឹកនាំនិង ជាឯកអគ្គរដ្ឋទូតក្នុងវិស័យឧបករណ៍និស្សន្ទកម្ពុជា យើងមានមោទកភាពក្រៃលែងក្នុងការបន្តដំណើរឆ្ពោះទៅមុខជានិរន្តរ៍និងរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតនៅប្រទេសកម្ពុជា។”
ក្នុងនោះវត្តមានកំពូលតារាចំរៀងប្រចាំប្រទេសកម្ពុជា អ្នកនាង សុគន្ធ នីសា បានធ្វើឱ្យភ្ញៀវដែលបានអញ្ជើញចូលរួមព្រមទាំងបុគ្គលិកប្រចាំក្រុមហ៊ុនមានភាពសប្បាយរីករាយជាមួយនឹងការសម្តែងដ៏ប្រសព្វ របស់អ្នកនាង អមដោយទឹកដមសំលេងដ៏ផ្អែមល្ហែមនិងមនោសញ្ចេតនា។ ភ្ញៀវកិត្ដិយសមានការភ្ញាក់ផ្អើលនិង សប្បយរីករាយជាមួយនឹងការប្រគុំតន្រ្តីដោយផ្ទាល់ ព្រមទាំងកម្មវិធីរាំលេងកំសាន្តនិងការចាប់ឆ្នោតផ្សងសំណាងជាច្រើនរង្វាន់ទៀត។
ព្រឹត្តិការណ៍នេះបានបង្កើតនូវពេលវេលាមួយដ៏សែនកក់ក្តៅ សប្បាយរីករាយនិងធ្វើអោយអនាគតក្រុមហ៊ុនកាន់តែល្អប្រសើរឡើងជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)ក្នុងការបំពេញបេសកម្មរបស់ខ្លួនដើម្បីអោយមានការរីកចម្រើនដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០២០។