អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ ​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បង្កើត​ទំព័រ​ថ្មី​នៃ​ការ​អភិវឌ្ឍ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា

អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ ​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បង្កើត​ទំព័រ​ថ្មី​នៃ​ការ​អភិវឌ្ឍ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា

​​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ ​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​មួយ​ ​នៅ​ថ្ងៃ​ទី​ 15 ​ខែកញ្ញា​ ​ឆ្នាំ​ 2018 ​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​មួយ​សម្រាប់​កិច្ច​សហការ​ក្នុង​ការ​អភិវឌ្ឍ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​លើ​វិ​ស័​យ​ហិរញ្ញវត្ថុ​ ​និង​អចល​ន​ទ្រព្យ​។​ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ ​គឺជា​កិច្ច​សហប្រតិបត្តិការ​ដ៏​សំខាន់​ដំបូង​គេ​ ​រវាង​ស្ថាប័ន​ឧបករណ៍​និស្សន្ទ ​និង​ស្ថាប័ន​អចល​ន​ទ្រព្យ​នៅ​ក្នុង​ទិសដៅ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជ​ម្រុ​ញ​ការ​វិនិយោគ​ក្នុងស្រុក​ ​ក៏ដូចជា​លើកស្ទួយ​វិ​ស័​យ​អប់រំ​ ​និង​ការងារ​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​លោក​ ​គីម​ ​ហ៊ា​ង​ ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​បាន​តំណាង​ស្ថាប័ន​របស់​ខ្លួន​ក្នុង​ការ​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ដែល​ជា​ការ​រួប​រួមគ្នា​ដ៏​ខ្លាំង​មួយ​ ​និង​ត្រូវ​បាន​រំពឹង​ទុកជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​រីក​ចម្រើន​បន្ថែម​ទៀត​នៃ​សេដ្ឋកិច្ច​ជាតិ​។​ ​បុគ្គល​ដ៏​សំខាន់​ទាំងពីរ​រូប​នេះ​ ​ក៏បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ​របស់​ខ្លួន​ ​ក្នុង​ការ​សម្រេច​អោយ​បាន​នូវ​ការ​រំពឹង​ទុក​ ​ហើយ​បាន​បើកចំហ​រ​និង​ស្វាគមន៍​ដល់​ការចូលរួម​របស់​ដៃគូ​ផ្សេងទៀត​ ​ដើម្បី​ទទួល​បាន​សមិទ្ធិ​ផល​សំខាន់​ៗ​ក្នុងរយៈពេល​ខ្លី​។​

​ផ្អែកលើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ ​សមាគម​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​នឹង​ចែករំលែក​ធនធាន​ ​ហើយ​ធ្វើការ​ជាមួយគ្នា​ ​ជាមួយ​គោលដៅ​ផ្ដល់​ការអប់រំ​លើ​ការ​វិនិយោគ​ដល់​សាធារណជន​ ​ជាពិសេស​វិនិ​យោគិន​ ​តាមរយៈ​សិក្ខាសាលា​ ​វេទិកា​ ​និង​វគ្គ​បណ្តុះបណ្តាល​ដែល​មានគុណ​ភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ វិនិ​យោគិន​ទាំង​នៅ​ទីប្រជុំជន​ ​និង​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ ​អាច​ទទួល​បាន​ការអប់រំ​នេះ​ ​ដូច្នេះ​វា​នឹង​ជួយ​អោយ​ពួកគាត់​បង្កើន​យុទ្ធ​សា​ស្រ្ត​ជួញ​ដូរ​ជាបន្តបន្ទាប់​ ​និង​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ពី​ការ​វិនិយោគ។​