ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សហការ​រៀប​ចំ​សិក្ខាសាលា​ការងារ ដើម្បី​លើក​កម្ពស់​វិស័យ​ការងារ​នៅ​កម្ពុជា

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សហការ​រៀប​ចំ​សិក្ខាសាលា​ការងារ ដើម្បី​លើក​កម្ពស់​វិស័យ​ការងារ​នៅ​កម្ពុជា

កាលពីថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០២២​ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី  បានរៀបចំសិក្ខាសាលាការងារដោយជោគជ័យ ដើម្បីលើកកម្ពស់ឱកាសការងារឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតម្រង់ទិសបេក្ខជនដែលមានសក្តានុពលក្នុងការចាប់យកឱកាសការងារឱ្យបានត្រឹមត្រូវ ជាមួយនឹងទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍវិថីការងារ។

កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២  និងបានផ្ដល់ជូនអ្នកចូលរួមនូវបទបង្ហាញប្រកបដោយអត្ថន័យ ដោយពួកគាត់អាចទទួលបានចំណេះដឹងថ្មីៗ ទាក់ទងនឹងឱកាសការងារ ការពង្រឹងសមត្ថភាពការងារ និងការបង្កើតប្រាក់ចំណូលជាដើម។

ក្នុងនាមជាក្រុមហ៊ុនត្រួសត្រាយផ្លូវក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា បេសកកម្មរបស់យើង គឺនាំយកក្រុមអន្តជាតិជំនាញ ប្រវត្តិនៃភាពជោគជ័យ ចំណេះដឹង និងជំនាញ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃទីផ្សារហិរញ្ញវត្ថុ ផ្លាស់ប្តូរកម្រិតបរិបទនិងចក្ខុវិស័យនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុនៅកម្ពុជា បង្កើនការអភិវឌ្ឍធនធានមនុស្ស និងផ្តល់វេទិកាមួយក្នុងការលើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ។

ក្នុងអំឡុងពេលនៃកម្មវិធី លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចែករំលែកនូវគតិបណ្ឌិត និងការជំរុញទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ លោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតព្រឹត្តិការណ៍នេះ គឺចង់ឱ្យបេក្ខជនដែលមានទេពកោសល្យទទួលបាននូវការយល់ដឹងអំពីទស្សនវិស័យការងារ បញ្ហាប្រឈម ការលើកទឹកចិត្ត និងការអភិវឌ្ឍអាជីពការងារ។

លោកបានបន្ថែមថា៖ «នេះគឺជាវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ហើយ​យើង​មាន​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​បេក្ខជន​ដែល​មាន​សក្ដានុពល​ទាំងអស់​ក្នុង​ការ​ចាប់យក​តំណែង​ដែល​ពួកគេ​អាច​បង្ហាញ​សមត្ថភាព​យ៉ាង​ស្វាហាប់។»

សិក្ខាសាលាការងារ បានបញ្ចប់ទៅដោយជោគជ័យ។ បន្ទាប់ពីបានសរសើរដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលទាំងអស់ដែលបានជួយធ្វើឱ្យសិក្ខាសាលានេះកើតឡើង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានប្រកាសថា ក្រុមហ៊ុននឹងបន្តចូលរួម និងនាំយកនូវអ្វីៗដែលខ្លួនមាន ដើម្បីពង្រឹងធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។