ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង អបអរក្រុមហ៊ុន ហ្គោលវែល ខាភីថល ចំពោះភាពជោគជ័យនៃកម្មវិធីផ្ដល់ការវិភាគវិនិយោគរយៈពេល ១០០ សប្តាហ៍

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង អបអរក្រុមហ៊ុន ហ្គោលវែល ខាភីថល ចំពោះភាពជោគជ័យនៃកម្មវិធីផ្ដល់ការវិភាគវិនិយោគរយៈពេល ១០០ សប្តាហ៍

នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពដោយបានចូលរួមអបអរសាទរដល់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេមួយរបស់ខ្លួន ចំពោះភាពជោគជ័យ និងខួបគម្រប់លើកទី១០០សប្តាហ៍ នៃកម្មវិធីផ្តល់ការវិភាគជួញដូរលើផលិតផល​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​ (CFD Equity) និងទីផ្សារភាគហ៊ុនអន្ដរជាតិ (International Stock)។

ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងកុះករពីក្រុមការងារ ដៃគូសហការ និងអតិថិជននៅជុំវិញពិភពលោក ដើម្បីស្វាគមន៍គ្នាទៅវិញទៅមក ក៏ដូចជាពិភាក្សាអំពីគម្រោងប្រតិបត្ដិការអាជីវកម្ម និងផែនការអភិវឌ្ឍន៍នានាផងដែរ។ ដោយផ្តោតទៅលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣ នេះ វាគ្មិនកិត្តិយសទាំងអស់បានចែករំលែកទស្សនៈរៀងៗខ្លួន អំពីនិន្នាការ និងឱកាសវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុ។

ក្នុងអំឡុងវគ្គចែករំលែក លោក George Black ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល និងការឡើងចុះនៃទីផ្សារមូលបត្រសកល បង្កើតទាំងបញ្ហាប្រឈម​ និងឱកាសផងដែរ។

លោកបានបន្ថែមទៀតថា៖ «ក្រុមហ៊ុនយើងជឿជាក់ថា យើងនឹងអាចបន្តផ្ដល់ជូនព័ត៌មានពាក់ព័ន្ធនឹងនិន្នាការទីផ្សារហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា ស្វែងរកឱកាសវិនិយោគថ្មីៗ ផ្តល់ឱ្យអតិថិជននូវការវិភាគដែលមានភាពជាក់ស្ដែង រួមជាមួយនឹងវិធីសាស្រ្ដវិនិយោគប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគាំទ្រអតិថិជនក្នុងការបង្កើនផលប័ត្រវិនិយោគឱ្យកាន់តែច្រើន ដើម្បីទទួលបានផលចំណេញអតិបរមាពីទីផ្សារនេះ»។​

ក្រៅពីការអបអរសាទរដល់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទមួយក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំងបីនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានយល់ឃើញថា ជាមួយនឹងជំនាញវិជ្ជាជីវៈ និងផែនការវិនិយោគល្អៗ ក្រុមហ៊ុន ហ្គោលវែល ខាភីថល នឹងអាចចាប់យកឱកាសទាំងអស់សម្រាប់កំណើនក្រុមហ៊ុនផ្ទាល់ និងការពេញចិត្តរបស់អតិថិជន។

លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយ ដោយបានចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ ដើម្បីអបអរភាពជោគជ័យដ៏អស្ចារ្យ ដែលកើតចេញពីកិច្ចការដែលចំណាយពេលវេលាច្រើន ការខិតខំប្រឹងប្រែងខ្លាំងក្លា និងស្មារតីខ្ពស់របស់សមាជិកគ្រប់រូបនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល។ នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន  បន្ទាប់ពីចំណាយពេលវេលា ១០០ សប្តាហ៍ ក្នុងការផ្តល់ជូនការវិភាគជួញដូរលើផលិតផល​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ និងទីផ្សារភាគហ៊ុនអន្ដរជាតិពីអ្នកជំនាញ គឺលោកគ្រូ Wen Yi និងលោកគ្រូ Bang Mei» ។

លោកបានបន្ដទៀតថា៖ «ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានចាប់ផ្តើមបើកតាមប្រព័ន្ធអនឡាញនូវវគ្គផ្ដល់ចំណេះដឹង និងយុទ្ធសាស្រ្ដក្នុងការវិនិយោគផលិតផល​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ និងភាគហ៊ុនបរទេសផ្សេងទៀតសម្រាប់អតិថិជន ខណៈពេលដែលវិនិយោគិនភាគច្រើន និងសេដ្ឋកិច្ចសកលកំពុងដំណើរការមិនល្អ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត។ ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានបន្តខិតខំប្រឹងប្រែងជួយដល់អតិថិជនរបស់ខ្លួន មិនថាពួកគាត់នៅទីណាក៏ដោយ ដរាបណាពួកគាត់មានអ៊ីនធឺណិត ពួកគាត់នៅតែអាចទទួលបានសេវាកម្មពីក្រុមហ៊ុន។ ឥឡូវនេះ វាបានក្លាយជាការអបអរសាទរសម្រាប់ក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន ដែលនៅតែអាចបន្ដបង្កើតប្រាក់ចំណូលក្នុងអំឡុងពេលលំបាក ដើម្បីធ្វើឱ្យជីវិតល្អប្រសើរ»។

សម្រាប់ភាពរីកចម្រើន និងសមិទ្ធផលថ្មីៗនៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះតម្រូវការក្នុងការជួយគាំទ្រ ការចូលរួម និងការអបអរសាទរ ដើម្បីជាគុណប្រយោជន៍របស់ក្រុមហ៊ុន ការអភិវឌ្ឍហិរញ្ញវត្ថុរបស់កម្ពុជា និងពិភពលោកផងដែរ។