ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានសេចក្ដីសោមនស្ស ដោយបានចូលរួមជាមួយក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ខ្លួន ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំងបីនៅកម្ពុជា គឺក្រុមហ៊ុន ហ្គោលវែល ខាភីថល ដើម្បីអបអរសាទររដូវកាលបុណ្យណូអែល និងផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗនៃការវិនិយោគ ក៏ដូចជាដើម្បីបង្ហាញពីការគាំទ្រនៅគ្រប់ដំណាក់កាលដល់ក្រុមហ៊ុនឈ្មួញជើងសារបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខគេនៅកម្ពុជា។
ដោយប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្មវិធីនេះបានដំណើរការយ៉ាងរលូនក្រោមប្រធានបទ៖ «កម្មវិធីជួបជុំពិភាក្សាការវិនិយោគកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិនារដូវកាលបុណ្យណូអែល» ដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីសាទរអំណរគុណរវាងបុគ្គលពាក់ព័ន្ធទាំងអស់ និងពង្រីកវិសាលភាពនៃការវិនិយោគសម្រាប់អតិថិជនទាំងចាស់ទាំងថ្មី តាមរយៈកម្មវិធីប្រម៉ូសិនល្អៗ រូបមន្តអាជីវកម្មទាន់សម័យ និងផលិតផលវិនិយោគអន្តរជាតិល្បីៗ។
ក្នុងឱកាសនេះ លោក ជា ពន្លក ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល និងលោក George Black ដែលជាប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការជួយដល់វិនិយោគិន និងអ្នកជួញដូរ ក្នុងការបង្កើនទ្រព្យសម្បត្តិ និងដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។
លោក ជា ពន្លក បានមានប្រសាសន៍ថា៖ «ទោះបីជាមានបញ្ហាប្រឈមក្នុងការរក្សាទំនាក់ទំនង និងធ្វើសកម្មភាពអាជីវកម្ម ដោយសារជំងឺកូវីដ-១៩ក៏ដោយ ក្រុមហ៊ុន ហ្គោលវែល ខាភីថល តែងតែរក្សាបាននូវកម្រិតស្តង់ដារវិជ្ជាជីវៈខ្ពស់បំផុត បង្ហាញពីការខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា និងនាំមកនូវឱកាសវិនិយោគល្អៗកាន់តែច្រើន សម្រាប់អតិថិជនរបស់យើង ដោយសារកត្តាទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះ និងមានសារៈសំខាន់បំផុតសម្រាប់ស្ថិរភាពអាជីវកម្មរបស់យើង»។
លោក George Black ក៏បានលើកឡើងដែរថា៖ «ក្រុមហ៊ុន ហ្គោលវែល ខាភីថល គឺជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលមួយនៅកម្ពុជា ហើយទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់គ្រប់គ្រង បុគ្គលិក ដៃគូសហការ និងអតិថិជន គឺជាគុណតម្លៃស្នូលនៃភាពជោគជ័យរបស់យើង ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ»។
លោកបានបន្ថែមទៀតថា៖ «ផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិរបស់យើង ដូចជា៖ Facebook Netflix Microsoft Tesla និងភាគហ៊ុនក្រុមហ៊ុនអន្ដរជាតិល្បីៗជាច្រើនទៀត នឹងផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសផលិតផលវិនិយោគកាន់តែច្រើន ដើម្បីទាញយកប្រាក់ចំណេញ និងពង្រឹងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរ ក៏ដូចជាសម្រាប់ភាពរីកចម្រើនរួមគ្នាប្រកបដោយនិរន្តរភាព»។
ពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក Lawrence Kook ដែលជាអភិបាលក្រុមហ៊ុន និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅ បានចូលរួម និងចែករំលែកចំណាប់អារម្មណ៍របស់ពួកគាត់ចំពោះឱកាសពិសេស និងអត្ថប្រយោជន៍ ដែលក្រុមហ៊ុន ហ្គោលវែល ខាភីថល ផ្តល់ជូនអតិថិជនរបស់ខ្លួន។
លោក Lawrence Kook បានមានប្រសាសន៍ថា៖ «ជាញឹកញាប់ ក្រុមហ៊ុន ហ្គោលវែល ខាភីថល តែងតែនាំមកនូវអ្វីដែលពិសេសសម្រាប់អតិថិជនរបស់ខ្លួន និងសម្រាប់ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ ខ្ញុំពិតជាមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាសក្ខីភាពក្នុងកម្មវិធីនេះ បន្ទាប់ពីបានចូលរួមម្ដងរួចមកហើយក្នុងកម្មវិធីជួបជុំអបអរសាទរបុណ្យសែនព្រះខែ និងឱកាសវិនិយោគថ្មីពីក្រុមហ៊ុន ហ្គោលវែល ខាភីថល កាលពីខែមុន។ ជាថ្មីម្តងទៀត ទោះជានៅក្នុងឱកាសផ្សេងគ្នា អតិថិជនរបស់ក្រុមហ៊ុន ហ្គោលវែល ខាភីថល អាចទទួលបាននូវអត្ថប្រយោជន៍ មិនត្រឹមតែកញ្ចប់ប្រម៉ូសិនប៉ុណ្ណោះទេ ថែមទាំងការគាំទ្រ និងយុទ្ធសាស្រ្តវិនិយោគថ្មីទៀតផង ដើម្បីចាប់ផ្ដើម ឬបន្ដទាញយកប្រាក់ចំណេញពីការប្រែប្រួលតម្លៃភាគហ៊ុនក្រុមហ៊ុនអន្តរជាតិល្បីៗ ដូចដែលលោក George Black បានលើកឡើងខាងដើម»។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការវិនិយោគឧបករណ៍និស្សន្ទនៅកម្ពុជា ក្រោមការត្រួតពិនិត្យ និងការដឹកនាំពីនិយ័តករមូលបត្រកម្ពុជា។ ដោយសារមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយមោទកភាព និងការរួមចំណែកយ៉ាងសំខាន់ ពីក្រុមហ៊ុន ហ្គោលវែល ខាភីថល ក្រុមហ៊ុនឈ្មួញជើងសាផ្សេងទៀតរបស់យើង និងនិយ័តករទីផ្សារ យើងបានដាំគ្រាប់ពូជនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការវិនិយោគប្រកបដោយផ្លែផ្កា ដែលជាមូលដ្ឋានសម្រាប់សមិទ្ធផលយូរអង្វែង និងវិបុលភាពសម្រាប់ទាំងអស់គ្នា។