ខេត្ដសៀមរាប – គោលដៅទី២ នៃសិក្ខាសាលាទូទាំងប្រទេសរដូវកាលទី២ របស់ក្រុមហ៊ុន​ ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង

ខេត្ដសៀមរាប – គោលដៅទី២ នៃសិក្ខាសាលាទូទាំងប្រទេសរដូវកាលទី២ របស់ក្រុមហ៊ុន​ ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​បាន​សហ​ការរៀបចំ​សិក្ខាសាលា​ទូទាំង​ប្រទេស​ (​រដូវ​កាល​ទី​២​) ​ក្រោម​ប្រធាន​បទ​ ​«​សារៈសំខាន់​នៃ​ការ​ស្វែងយល់​អំពី​ការ​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​»​។​

​គោលបំណង​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​ ​គឺ​ដើម្បី​ផ្តល់​នូវ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​លើក​ក​ម្ពស់​ឱកាស​វិនិយោគ​ហិរញ្ញវត្ថុ​ក្នុង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ទី​ផ្សារ​មូលបត្រ​នៅ​កម្ពុជា​ ​ព្រមទាំង​ចែករំលែក​ព័ត៌មាន​សំខាន់​ៗ​ផ្សេងទៀត​ទាក់ទង​នឹង​ការ​វិនិយោគ។

បន្ទាប់ពីបញ្ចប់គោលដៅទី១​ នៅខេត្ដកំពង់ធំ គោលដៅទី២ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ដសៀមរាប។

លើសពីនេះទៅទៀត កម្មវិធីនេះត្រូវបានចូលរួមយ៉ាងកុះករ និងសម្រេចបាននូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការបង្កើនលទ្ធភាពប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសម្រាប់សាធារណជន ព្រមទាំងផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលទូលំទូលាយជាងមុន។

ឯកឧត្ដម អ៊ឹង គឹមលាង បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះឡើង ព្រោះយ៉ាងហោចណាស់ វាអាចជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងធ្វើបច្ចុប្បន្នភាពការយល់ដឹងរបស់ពួកគាត់ ដើម្បីចូលរួមក្នុងដំណើរវិនិយោគដ៏ត្រឹមត្រូវមួយនាពេលអនាគត។ ដូច្នេះ ឯកឧត្ដមនឹងបើកទទួលស្វាគមន៍សម្រាប់ឱកាសលើកក្រោយៗទៀត។

បន្ថែមពីនេះ លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «យើងមានមោទកភាពក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា៖ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ការតាំងពិព័រណ៍ ការវិភាគ ការផ្សាយផ្ទាល់ និងកម្មវិធីជាច្រើនទៀត ដែលសុទ្ធសឹងជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់កំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ»។

លោកបានបន្ថែមទៀតថា៖ «ក្រុមហ៊ុនរបស់យើងមានអ្នកជំនាញផ្នែកទីផ្សារហិរញ្ញវត្ថុជាច្រើន ហើយយើងយល់ច្បាស់ថា រាល់ការវិនិយោគតែងមានហានិភ័យមួយចំនួន។ នេះហើយជាមូលហេតុដែលយើងមកទីនេះ និងកន្លែងផ្សេងទៀត ម្តងហើយម្តងទៀត ដើម្បីផ្ដល់ការអប់រំដល់សាធារណជន អំពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលយើងគួរអនុវត្ត ដើម្បីកែលម្អដំណើរការវិនិយោគរបស់យើង។ លោកអ្នកប្រហែលជាមិនទាន់គិតថា វាចាំបាច់សម្រាប់អ្នកនៅពេលនេះទេ ប៉ុន្តែអ្នកប្រហែលជាត្រូវគិតអំពីវានៅពេលណាមួយ ពីព្រោះថាពិភពហិរញ្ញវត្ថុ គឺមាននៅគ្រប់ទីកន្លែង។ ហើយ វានឹងកាន់តែប្រសើរ ប្រសិនបើលោកអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់»។

សិក្ខាសាលានៅគោលដៅទី២ សម្រាប់រដូវកាលទី២ នេះ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានការធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ពីលោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ដោយបានលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមយ៉ាងច្រើន ទាក់ទងនឹងទីផ្សារឧបករណ៍និស្សន្ទ ទីផ្សារមូលបត្រ និងសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទៅ។