នេះជាលើកដំបូងហើយដែល លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានជំនួបឥតគ្រោងទុកជាមួយលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហុងកុង។ កាន់តែពិសេសទៀតនោះ ជំនួបឥតព្រៀងទុកនេះ បានក្លាយជាវេទិកាផ្លាស់ប្ដូរគំនិត និងទស្សនវិស័យសំខាន់ៗជុំវិញការជួយគាំទ្រដល់ផ្នែកអប់រំ និងសេដ្ឋកិច្ចជាតិក្នុងស្ថានភាពលំបាក ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ–១៩ ទាំងនៅទីក្រុងហុងកុង និងនៅកម្ពុជា។
កិច្ចជំនួបពិភាក្សានេះ បានកើតឡើងនៅពេលដែលអ្នកទាំងបីបានជួបគ្នាដោយចៃដន្យនៅក្នុងពិព័រណ៍សៀវភៅហុងកុង (Hong Kong Book Fair) លើកទី៣១ ដែលត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council) និងបានប្រារព្ធទៅកាលពីថ្ងៃទី១៤ ខែកក្កដា ដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុង (Hong Kong Convention and Exhibition Centre)។
បន្ទាប់ពីការពិភាក្សាអំពីកម្មវិធីអប់រំ ខ្លឹមសារសំខាន់ផ្សេងទៀតនៃកិច្ចពិភាក្សាផ្ដោតទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតនៅជុំវិញពិភពលោក ស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងយុទ្ធសាស្រ្តលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ដោយរួមបញ្ចូលទាំងការបន្ដបង្កើតកំណើនការងារ កំណែទម្រង់គម្រោងវិនិយោគនិងការជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងការដាក់ចេញនូវកម្មវិធីប្រម៉ូសិនថ្មីៗ ក៏ដូចជាការលើកកម្ពស់សាមគ្គីភាព និងការទាក់ទាញការចូលរួមបន្ថែមពីសាធារណជន។
ជាមួយនឹងបទពិសោធន៍រួមគ្នាជាង ៦ ទសវត្សរ៍ នៅក្នុងវិស័យអប់រំ និងវិស័យហិរញ្ញវត្ថុ លោក Lawrence Kook តែងតែចាប់យកឱកាសក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់ដែលអាចបម្រើដល់គោលដៅអភិវឌ្ឍន៍ផ្សេងៗ។ តាមរយៈការសន្ទនានេះដែរ លោកទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការចូលរួមថែរក្សាសុខភាពសេដ្ឋកិច្ចជាតិ ក៏ដូចជាគុណតម្លៃដែលមិនអាចខ្វះបាននៃការចូលរួមចំណែករបស់បុគ្គលម្នាក់ៗក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនានា។ ពួកគាត់ក៏បានរាប់បញ្ចូលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្នុងចំណោមក្រុមហ៊ុននានា ដែលប្តេជ្ញាចិត្តគាំទ្រដល់ប្រជាជនកម្ពុជាក្នុងពេលវេលាដ៏លំបាកនេះ។
លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវការគាំទ្រ ដើម្បីរួមចំណែកដល់ស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាផងដែរ បើទោះបីជាបច្ចុប្បន្ននេះ លោកស្រីបាននិងកំពុងបំពេញកាតព្វកិច្ចការងារនៅទីក្រុងហុងកុងក្ដី។
ការសន្ទនាបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាលើសពីការរំពឹងទុក ជាមួយនឹងផែនការសកម្មភាពជាច្រើនផងដែរ។ បន្ទាប់ពីនេះ ភាគីទាំងសងខាងនឹងអនុវត្ដនូវផែនការ និងយុទ្ធសាស្រ្ត ដើម្បីសម្រេចឱ្យបាននូវគោលបំណង និងនាំមកនូវអត្ថប្រយោជន៍សម្រាប់កម្ពុជា ទៅតាមវិជ្ជាជីវៈ និងតួនាទីនៃស្ថាប័នរបស់ខ្លួន។